ព័ត៌មានជាតិ

អត់លុយឲ្យថ្លៃបន្ទប់ជួល បបួលគ្នាចេញឆក់ទូរសព្ទដៃពីជនជាតិចិន ចុងក្រោយខ្នោះបានសម្រេច!

ភ្នំពេញ: ក្រុមជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកងទី១ ចាប់ឃាត់ខ្លួន ក្រោយពីពួកគេបានធ្វើសកម្ម ភាពឆក់ទូរសព្ទដៃមួយគ្រឿងពីបុរសជនជាតិចិនម្នាក់ដែលកំពុងជិះលើរ៉ឺម៉កកង់បី តែបែរជាដួល។ ការចាប់ឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ១១ និង ៣០នាទីព្រឹក ថ្ងៃទី៤ ខែ កុម្ភ: ឆ្នាំ ២០១៨ នៅចំណុចផ្លូវលេខ ៦៣ កែងនិងផ្លូវលេខ ២៨២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង ២នាក់មានទី១-ឈ្មោះ ទ្រី ចាន់តារា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន និងទី២-ឈ្មោះ ឡឹក ប៊ុនណា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពដដែល បានប្រាប់បន្តទៀតថា មុនពេលកើតហេតុ មានក្រុមជនជាតិចិន ប្រុសស្រី មួយក្រុមមានគ្នាប្រមាណជា ៥ ទៅ ៦នាក់ នាំគ្នាជិះម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿង។លុះមកដល់ចំណុចខាងលើ ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យទាំង ២នាក់ ជិះម៉ូតូម៉ាក និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CS- 3165មួយគ្រឿង ជិះមកក្បែរ និង ធ្វើសកម្មភាពឆក់យកទូរសព្ទដៃម៉ាក HUAWEI មួយគ្រឿងពីដៃបុរសម្នាក់ រួចហើយជិះរត់ភ្លាត់ស្នៀតក៏ដួល ក៏ត្រូវកម្លាំងមានសម្ថកិច្ចដែលនៅក្បែរនោះ ជួយដេញចាប់បាន ទាំង ២នាក់តែម្តង។

ក្រោយពេលកើតហេតុ ក្រុមជនសង្ស័យទាំង ២នាក់ ក៏បាននាំយកទៅកាន់នគរបាលប៉ុស្តិ៍បឹងកេងកងទី១ ធ្វើកំណត់ហេតុ និង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត ហើយទូរសព្ទដៃមួយគ្រឿង នោះក៏បានធ្វើការប្រគល់ឲ្យបុរសជនជាតិចិនជាម្ចាស់វិញផងដែរ៕

មតិយោបល់