ព័ត៌មានជាតិ

Update៖ សំណាងណាស់! ម៉ូតូកិនជាប់ក្រោមរថយន្ត មនុស្សលូនចេញទាន់!

ភ្នំពេញ: រថយន្តដឹកក្រដាសមួយគ្រឿង បើកបត់ដោយខ្វះការប្រុងប្រយ័ត្ន ក៏បានទៅគៀរម៉ូតូម៉ាក ZOOMER-X មួយគ្រឿង ឲ្យដួលនិង កិនជាប់ពីក្រោមរថយន្ត ដោយបណ្តាលឲ្យបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ខណ:ដែលរថយន្តនិងម៉ូតូជិះទន្ទឹមគ្នា សំណាងល្អមិនគ្រោះថ្នាក់ដល់អាយុជីវិត។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចខាងមុខស្ថានីយ៍ប្រេងឥន្ទន: TOTAL ផ្លូវលេខ ២៧១ ភូមិសន្សំកុសល៥ ក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះមានឈ្មោះ បូ អាយុ១៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅម្តុំទួលកី ខណ្ឌពោធិ៍សែនជ័យ។

មុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូម៉ាក ZOOMER-X ពណ៌លឿង លាយទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1DK-0669 មួយគ្រឿង ក្នុងទិសដៅពីជើងទៅត្បូង ស្របទិសគ្នាជាមួយនិង រថយន្តម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-9235 មួយគ្រឿងទន្ទឹមគ្នា លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរថយន្តដឹកក្រដាសមួយគ្រឿងនោះ បានបើកត្រឡប់ទៅក្រោយវិញ ដោយមិនមានការប្រុងប្រយ័ត្ន ក៏បានទៅគៀរម៉ូតូម៉ាក ZOOMER-X មួយគ្រឿងនោះ បណ្តាលឲ្យដួលខ្ទាត បុរសរងគ្រោះចេញទៅក្រៅរងរបួសធ្ងន់។ ចំណែកឯម៉ូតូត្រូវបានរថយន្តកិនជាប់ខាងក្រោមតែម្តង។

ក្រោយពេលកើតហេតុ បុរសជាជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូរ៉ឺម៉កកង់បីបញ្ជូនយកទៅកាន់មន្ទីរពេទ្យ។ ចំណែកឯរថយន្តដឹកក្រដាសបង្ក និង ម៉ូតូរបស់ជនរងគ្រោះត្រូវបានបញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីរង់ចាំធ្វើកការដោះស្រាយគ្នាជាបន្តទៅទៀត ក្រោយពីកម្លាំងមានសម្ថកិច្ចធ្វើការវាស់វែងរួច។

មតិយោបល់