ព័ត៌មានជាតិ

រន្ធត់!​ លឿនខ្លាំងពេក ពន្លះម៉ូតូដែលឈប់លេងលើជាយផ្លូវ ស្លាប់៣នាក់ របួសធ្ងន់ម្នាក់ រួចត្រាំទឹកប្រឡាយ!

បន្ទាយមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយពីពួកគេបានឈប់ម៉ូតូអង្គុយលេង នៅលើជាយផ្លូវ ហើយក៏ត្រូវរថយន្តបុកទាំងកម្រោល រួចរថយន្តបង្កជ្រុលទៅធ្លាក់នៅក្នុងប្រឡាយទឹក។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី៣ ខែកុម្ភ: ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលភ្លើងលេខ២៤៦-២៤៧ ក្នុងភូមិ និមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1F-1553 ឈប់ចតលើជាយផ្លូវខាងជើងផ្លូវជាតិ ដោយមានអ្នកបើកបរអង្គុយលើម៉ូតូឈ្មោះ ភួង ស៊ីនឿន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមេផ្ទះ ហើយកូនប្រុសឈ្មោះ ពៅ សុខពិទូទ្រ អាយុ១ខួប (អង្គុយពីមុខ) ចំណែក កូនស្រីឈ្មោះ ពៅ រស្មី អាយុ៧ឆ្នាំ (អង្គុយនៅពីក្រោយ) និងក្មួយប្រុសឈ្មោះជឿន ដារ៉ា ភេទប្រុស អាយុ៨ឆ្នាំ (ឈរនៅក្បែរម៉ូតូ) ពេលនោះស្រាប់តែមានរថយន្តដឹកទំនិញធុនតូច១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ១តោនកន្លះ ពណ៌ខៀវ បើកពីកើតទៅលិច ក្នុងល្បឿនលឿន មកបុកម៉ូតូខាងលើកំពុងឈប់ចតលើជាយផ្លូវពេញទំហឹង បណ្តាលឲ្យស្លាប់៣នាក់ ឈ្មោះ ភួង ស៊ីនឿន, ឈ្មោះ ពៅ សុខពិទូទ្រ និងឈ្មោះ ជឿន ដារ៉ា ។ ចំណែកម្នាក់ទៀតឈ្មោះ ពៅ រស្មី របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយភ្លាមៗនោះរថយន្តបង្ក បានជ្រុលទៅធ្លាក់ចូលប្រឡាយទឹកផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង ស្ទូចយករថយន្តបង្ក និងម៉ូតូយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់