Post News Media ព័ត៌មានជាតិ ជនជាតិវៀតណាមដ...

ជនជាតិវៀតណាមដើរទិញអេតចាយ គាស់ទ្វារផ្ទះចូលលួច ត្រូវសមត្ថកិច្ចក្របួចជាប់

កណ្តាល: លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានដឹកនាំកម្លាំងព្រហ្មទណ្ឌ ចុះល្បាតតាមភូមិសាស្ត្រ ក៏ប្រទះឃើញជនសង្ស័យជាជនជាតិវៀតណាម ដើរទិញអេតចាយ កំពុងគាស់ទ្វារផ្ទះប្រជាពលរដ្ឋចូលលួចសម្ភារ: ត្រូវលោកនិងកម្លាំងព្រហ្មទណ្ឌ ក្របួចបានភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១៨ វេម៉ោង៣និង៥នាទី នៅចំណុចមុខរោងចក្រយូនិត ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកអធិការបានឲ្យដឹងថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ។ ជនល្មើសមានឈ្មោះ ង្វៀង តាំងជឿង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិរៀតណាម ទីលំនៅភូមិតាង៉ូវ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ភ្នំពេញ មុខរបរ ទិញអេតចាយ(ឃាត់ខ្លួន)។វ ត្ថុតាងចាប់យក ម៉ូតូ១គ្រឿងម៉ាកwave RSX ពណ៌ក្រហមខ្មៅ ស្លាកលេខ ភ្នំពេញ1DD-2661 ទូរសព្ទ១គ្រឿង ម៉ាកNokia ចុចពិល កូនសោគ្រប់ប្រភេទមួយចំនួន។

លោកអធិការបញ្ជាក់ថា កាលពីវេលានិងទីកន្លែងកើតហេតុខាងលើ កម្លាំងអន្តរាគមន៍ក្រុងតាខ្មៅ បានចេញល្បាត ក៏ឃើញជនល្មើសបានចតម៉ូតូចោលនៅលើផ្លូវជាតិលេខ២ ហើយដើរចូលទៅដីមួយកន្លែងមានផ្ទះល្វែងដែលម្ចាស់គេបានចាក់សោទុកចោល ហើយមានសម្ភារ:គ្រឿងសំណង់ជាច្រើនទុកនៅខាងក្នុងផ្ទះ ពេលនោះក៏ឃើញជនល្មើសបានយកទូណឺវីសដោះកញ្ចក់ផ្ទះខាងមុខបានមួយផ្ទាំង ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

តាមការសាកសួរជនល្មើសបានឆ្លើយថាខ្លួនគាស់កញ្ចក់ផ្ទះគេដើម្បីរកបត់ជើងធំ គ្មានគោលបំណងលួចសម្ភារ:គេឡើយ។ ចំណែកគ្រឿងញៀនម៉ាទឹកកកវិញខ្លួនបានប្រើប្រាស់អស់រយ:ពេល១ឆ្នាំមកហើយ៕

Loading...