ព័ត៌មានជាតិ

រថយន្តរ៉េហ្វ័រ ពន្លះរថយន្ត២គ្រឿងទៀត ក្រឡាប់ផ្ងារ២ជុំ…

ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាករ៉េហ្វ័រមួយគ្រឿង បុករះរថយន្តវីសស្តូខ្ទាតប្រហែលជា១០ម៉ែត្រ បណ្តាលឲ្យក្រឡាប់រថយន្តខ្លួនឯង២ជុំទៅប៉ះរថយន្តរ៉េហ្វ័រមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី ០៤ ខែ កុម្ភ: ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ១១៨ សង្កាត់ផ្សាថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបុរសម្នាក់វ័យប្រហែលជា២០ឆ្នាំ ជាងបើករថយន្តម៉ាករ៉េហ្វ័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-6038 លុះមកដល់ចំណុចកើតហេតុទិសដៅពីលិចមកកើតក្នុងល្បឿនលឿនក៏រេចង្កូតទៅបុករថយន្តម៉ាកវីស្តូ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ2Y-4202 ចតនៅខាងមុខផ្ទះបុកប៉ើងប្រហែលជា១០ម៉ែត្រជាង រីឯរថយន្តបង្កក៏ក្រឡាប់កាប់ផ្ងារមកត្រូវរថយន្តមួយគ្រឿងទៀតម៉ាករ៉េហ្វ័រដូចគ្នា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-2778 បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខខាងឆ្វេងរថយន្ត រីឯរថយន្តបង្ករងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញឲ្យធ្វើការដោះស្រាយគ្នាហើយខាងភាគីបង្កសុខចិត្តចេញថ្លៃខូចខាតទាំងប៉ុន្មានឲ្យខាងភាគីរថយន្តទាំង២ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់