ព័ត៌មានជាតិ

ជនសង្ស័យ៤នាក់ គាស់ផ្ទះប្រជាពលរដ្ឋពេលរាត្រី អស់លក្ខណ៍ត្រូវម្ចាស់ផ្ទះចាប់បានម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ គាស់ផ្ទះប្រជាពលរដ្ឋនៅពេលរាត្រី ត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ខណ:ដែលជនសង្ស័យទាំងនេះ កំពុងតែជញ្ជូនអីវ៉ាន់ចេញពីកន្លែងកើតហេតុ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីទៀបភ្លឺ​ឈានចូលថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៩៣ ចំណុចកន្លែងលក់ថ្នាំពេទ្យសត្វមួយកន្លែង ក្រុម១៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សួន សុខឡុំ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិព្រែកកោះ ឃុំស្រែបាក់ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះមានឈ្មោះ រស់ ហេង ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរពេទ្យសត្វ ស្នាក់នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅម៉ោង៧យប់ ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៨ មុនពេលកើតហេតុ ជនរងគ្រោះបានចាក់សោកន្លែងលក់ថ្នាំពេទ្យសត្វនៅចំណុចកើតហេតុខាងលើ ហើយបានចេញទៅផ្ទះរបស់គាត់នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ បន្ទាប់មកប្អូនរបស់ជនរងគ្រោះបានទូរសព្ទប្រាប់ថា មានជនសង្ស័យគាស់ផ្ទះយកសម្ភារ:អស់ហើយ ជនរងគ្រោះក៏ចេញពីផ្ទះជិះម៉ូតូមកមើលឃើញជនសង្ស័យកំពុងធ្វើសកម្មភាពជញ្ជូនអីវ៉ាន់ចេញមានចំនួន៤នាក់ ពេលនោះជនរងគ្រោះនិងប្អូនម្នាក់ឈ្មោះយី បានដេញចាប់ជនសង្ស័យបានម្នាក់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១តែម្តង ចំណែក៣នាក់គេចខ្លួនបាត់អស់។

ជនរងគ្រោះជាម្ចាស់ផ្ទះបានរៀបរាប់ឲ្យសមត្ថកិច្ចដឹងថា សម្ភារ:បាត់បង់មានថ្នាំពេទ្យសម្ភារ:ពេទ្យ សម្លៀកបំពាក់ក្បាលវីតេអ៊ា ,ចិញ្ចៀន១វង់ និងលុយមួយចំនួន៨មុឺនរៀល នៅជាប់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចដកហូតបានកន្ត្រៃពេទ្យ១។

បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់