ព័ត៌មានជាតិ

ឌ្រីមសង់០១៨ បើកមិនគោរពស្តុបក្រហម សាកកម្លាំងជាមួយឡិចស៊ីស៣៣០ កំពុងតែឆ្លងផ្លូវពេញទំហឹង រងរបួសធ្ងន់ម្នាក់!

ភ្នំពេញ: យុវជនម្នាក់បើកម៉ូតូម្នាក់ឌ្រីមសង់ ស៊េរីឆ្នាំ២០១៨ ក្នុងល្បឿនលឿន លុះមកដល់ផ្លូវបែកជាបួនស្តុបក្រហមមិនឈប់ បន្ថែមល្បឿនមកបុកចំចំហៀងគូទរថយន្តឡិចស៊ីសពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី៤ ខែ កុម្ភ: ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស៣៣០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AG-6727 បើកបរដោយនារីម្នាក់ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GS-6399 បើកបរដោយយុវជនម្នាក់ លុះមកដល់ចំណុចកើតហេតុរថយន្តស្តុបបៃតង ក៏បត់ឆ្លងផ្លូវម៉ូតូមិនគោរពស្តុប ហើយបើកក្នុងល្បឿនលឿនស្រាប់តែបុកចំពីចំហៀងខាងស្តាំខាងក្រោយរថយន្តពេញទំហឹង បណ្តាលឲ្យរថយន្តបែកកញ្ចក់ក្រោយខ្ទេចរងការខូចខាតយ៉ាងដំណំ រីឯអ្នកបើករងរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ឲ្យភាគីតំណាងទាំងសងខាងដោះស្រាយគ្នាតែដោះស្រាយមិនត្រូវក៏សមត្ថកិច្ចវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់