ព័ត៌មានជាតិ

រយៈពេល៣ម៉ោង លួចម៉ូតូបានសម្រេច២គ្រឿង ចុងក្រោយខ្នោះ!

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន២ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ឃាត់ខ្លួនបានក្រោយពីធ្វើសកម្មភាពលួចម៉ូតូចំនួន២គ្រឿងម៉ាក ZoomerX ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Gk-4626 និងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-4095។

ការឃាត់ខ្លួនជនសង្សយ័ខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ខណ:ពេលដែលកម្លាំងប៉ុស្តិ៍បឹងទំពុន២កំពុងតែល្បាតការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏បានប្រទះឃើញជនសង្ស័យខាងលើបណ្តើរម៉ូតូ១គ្រឿងមកលាក់ទុកក្នុងគុម្ពត្រែង ហើយសមត្ថកិច្ចក៏បានឃ្លាំចាំមើលមួយសន្ទុះ ក្រោយមកជនសង្ស័យដដែលបានបណ្តើរម៉ូតូ១គ្រឿងទៀតមកលាក់ទុកក្បែរគ្នានឹងម៉ូតូដែលលួចបានមុន ដោយសមត្ថកិច្ចមានការសង្ស័យក៏ធ្វើការឃាត់ខ្លួនតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យខាងលើមានឈ្មោះ ជីវ ម៉ាប់ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលម្តុំចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា ម៉ូតូទាំង២គ្រឿងដែលលួចបាននេះគីជនសង្ស័យខាងលើលួចពីការដ្ឋានសំណង់ម្តុំមុខរោងចក្រSL ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

ក្រោយពីធ្វើការសាកសួររួចសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២ បានប្រគល់ជនសង្ស័យឲ្យមកកម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោចាត់ការបន្ត។

មតិយោបល់