ព័ត៌មានជាតិ

Update៖ យុវជនម្នាក់រថយន្តកូរ៉េដឹកឥដ្ឋ បុករះរថយន្ត៣គ្រឿងធ្លាក់ប្រឡាយទាំងថ្ងៃត្រង់…

​ភ្នំពេញ: យុវជនម្នាក់បើករថយន្តកូរ៉េដឹកឥដ្ឋ១គ្រឿងក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករះរថយន្តចំនួន៣គ្រឿង បណ្តាលឲ្យធ្លាក់ប្រឡាយគៀបជាប់បង្គោលស្លាកយីហោខារ៉ាអូខេ រងការខូចខាតអស់១ដើមទៀត និងបង្កការកកស្ទះចរាចរណ៍ផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចស្តុបអូឌឹមកប់ស្រូវ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នពេញ។

តាមប្រភពព័ត៌មាននៅន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកកូរ៉េ ដឹកឥដ្ឋ ពណ៌ខៀវ ពាក់ស្លាកលេខយ1514 ភព3 បើកបរដោយយុវជនម្នាក់និងមានយុវជនម្នាក់ទៀតរួមដំណើរជាមួយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុស្រាប់តែជ្រុលចង្កូតទៅបុកគូទរថយន្តតាកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AQ 5049 ដែលធ្វើដំណើរស្របទិសគ្នាហើយរថយន្តតាកូម៉ាក៏ជ្រុលទៅបុកគូទរថយន្តឡិចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ2A 9000 បណ្តាលឲ្យរងការខូចខាត ហើយរថយន្តបង្កបានបួងចង្កូតមកផ្នែកខាងស្តាំក៏ជ្រុលបុករថយន្តតូរីស ដឹកអ្នកដំណើរ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ2AT 8104 ដែលឈប់ដាក់ភ្ញៀវនៅចញ្ចើមផ្លូវរុញផ្ទប់និងបង្គោលស្លាកយីហោខារ៉ាអូខេធ្លាក់ប្រឡាយទឹកស្អុយ សំណាងមិនបង្កឲ្យមានអ្នករងរបួសនោះទេ តែបង្កឲ្យកាកកស្ទះចរាចរណ៍ផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងសម្រួលចរាចរណ៍និងទំនាក់ទំនងជំនាញមកធ្វើការវាស់វែងយករថយន្តទាំង៤គ្រឿងទៅរក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់