ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ២ករណីក្នុងពេលតែមួយ!..

ភ្នំពេញ: ជនសង្ស័យចំនួន៤នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញឃាត់ខ្លួនបានភ្លាមក្នុងពេលតែមួយពាក់ព័ន្ធនិងករណីលួចសម្ភារ:និងករណីឆក់ការបូប។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨ ចំណុចឃ្លាំងស្តុបឱសថ ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទាំងនាក់នោះ ១ឈ្មោះ ជា ម៉ៅ ហៅអាម៉ៅ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ (ករណីឆក់ការបូប) ទី២ឈ្មោះ ផល ភា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ(លួច) ទី៣ឈ្មោះ ពៅ សុខហ៊ាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ (លួច) ទី៤ឈ្មោះ ខាត់ ចាន់ធឿន អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិស្វាយចេកថ្មី សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។

តាមសមត្ថកិច្ចបានប្រាប់ថា មុនកើតហេតុមានក្រុមជនសង្ស័យបានធ្វើសកម្មភាពគាស់ឃ្លាំងលួចយកអីវ៉ាន់ ពេលនោះសមត្ថកិច្ចចុះសហការនិងពលរដ្ឋឃាត់ខ្លួនបានជនសង្ស័យ៣នាក់ភ្លាមៗ ខណ:កំពុងតែឃាត់ជនសង្ស័យទាំង៣នាក់ខាងលើ ស្រាប់តែឮសម្លេងប្រជាពលរដ្ឋស្រែកថាចោរឆក់ៗ ពេលនោះកម្លាំងសមត្ថកិច្ចចេញមកអន្តរាគមន៍ដោយឃាត់បានជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ព្រមទាំងដកហូតការបូបជនរងគ្រោះបានមកវិញ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរបណ្តោះអាសន្ននិងចាត់ការតាមនិតិវិធី៕

មតិយោបល់