ព័ត៌មានជាតិ

Update៖ ឪពុកកូន២នាក់ស្លាប់និងពូរបួសធ្ងន់ ក្រោយពីរថយន្តដឹកដីបើកវ៉ាជែងគ្នាបុកកិនអូសម៉ូតូជាង៥០ម៉ែត្រ..

ភ្នំពេញ: បុរសជាឪពុកបានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធម៌ រីឯកូនប្រុសអាយុ៥ឆ្នាំបានស្លាប់ខណ:ពេលបញ្ជូនដល់មន្ទីរពេទ្យនិងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ខណ:ដែលពួកគេជិះម៉ូតូ១គ្រឿង៣នាក់ ត្រូវរថយន្តដឹកដីមួយគ្រឿងបើកវ៉ាជែងគ្នាជ្រុលទៅបុកម៉ូតូពីក្រោយ បណ្តាលឲ្យស្លាប់និងរបួសតែម្តង។

ក្រោយកើតហេតុអ្នកបើកបររថយន្តបង្កព្យាយាមបើករត់ទាំងគៀបជាប់ម៉ូតូពីមុខបើករត់បានប្រហែលជាង៥០ម៉ែត្រភ្លាមៗនោះក៏បានត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ត្រង់ចំណុចមុខដីឡូមួយកន្លែង ភូមិកផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក ហ៊ីណូ ពណ៌ខៀវ ប្រភេទដឹកដី ពាក់ស្លាកលេខ បាត់ដំបង3A-0568 អ្នកបើកបរឈ្មោះ មុត សានភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិរលាំកែន ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល(ឃាត់ខ្លួន)។

ចំណែកឯម៉ូតូរងគ្រោះ៣នាក់នោះទី១ឈ្មោះ ស៊ីន វាសនា ភេទប្រុសអាយុ៣៦ឆ្នាំ(ស្លាប់) ទី២ឈ្មោះ វាសនា សីហា ភេទប្រុស អាយុ៥ឆ្នាំស្លាប់ត្រូវជាកូនជនរងគ្រោះទី១ រីឯទី៣ឈ្មោះ ស៊ីន វ៉ាន់ដេត ភេទប្រុសអាយុ១៨ឆ្នាំ រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជនពន្លឺអ្នកទាំង៣នាក់មានទីលំនៅភូមិគហេ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង1D-0358។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូរងគ្រោះជិះគ្នា៣នាក់ក្នុងនោះមានក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ជិះកណ្តាលបើកបរតាមផ្លូវទំនប់កប់ស្រូវក្នុងទិសដៅពីកើតទៅលិច រីឯរថយន្តបង្កខាងលើបើកបរពីក្រោយស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុ គេឃើញរថយន្តបង្កបើកក្នុងល្បឿនយ៉ាងលឿនវ៉ាជែងខាងស្តាំដៃរបស់រថយន្តមួយគ្រឿងទៀត មិនចាំម៉ាកដែលកំពុងបើកបរស្របទិសគ្នា ខណ:ដែលបើកវ៉ាជែងផុតបន្តិចក៏ជ្រុលចង្កូតបុកម៉ូតូជនរងគ្រោះពីក្រោយបណ្តាលឲ្យដួលម៉ូតូទាំង៣នាក់នៅមុខរថយន្តខ្ទាតពូនិងក្មួយប្រុសមកខាងក្រៅរងរបួសធ្ងន់ធ្ងរ។ ចំណែកអ្នកឌុបត្រូវបានកង់រថយន្តកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែកើតហេតុ។

ប្រភពបានបន្តឲ្យដឹងថា ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋានបានចុះទៅដល់កន្លែងកើតហេតុបានហៅរថយន្តសាម៉ុយមកដឹកយកទៅសង្គ្រោះបន្ទាន់បុរសត្រូវជាពូបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិតឯកពនពន្លឺចំណែកឯក្មួយប្រុសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផាតែអកុសលដោយសាររបួសធ្ងន់ធ្ងរពេកបានដាច់ខ្យល់ស្លាប់ខណ:ដែលបញ្ជូនដល់មន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងអ្នកបើកបរនិងម៉ូតូទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។

ចំណែកសពបុរសឪពុកនិងកូនត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

មតិយោបល់