ព័ត៌មានជាតិ

ឆក់បានសម្រេចទៀតហើយ នៅខណ្ឌទួលគោក!

ភ្នំពេញ: អ្នកលក់បន្លែ២នាក់ប្តីប្រពន្ធ រួមទាំងកូនតូចម្នាក់ បានជិះម៉ូតូមួយគ្រឿងចេញមកពីលេងផ្ទះពូ ហើយត្រូវបានជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាបូបបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចតាមបណ្តោយផ្លូវ៥២៨ កែងនិងផ្លូវ២៨៧ ខាងមុខសាកលវិទ្យាល័យវេសស្ទើន ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះជាប្តីមានឈ្មោះ សុ ចាន់បុត្រ អាយុ២៨ឆ្នាំ មុខរបរលក់បន្លែនៅផ្សារគីឡូលេខ៦ ស្នាក់នៅម្តុំស្ពានដែកចម្ការដូង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ចំណែកឯប្រពន្ធមានឈ្មោះ ស សុខណា អាយុ៣១ឆ្នាំ ស្នាក់នៅជាមួយគ្នា។

បើតាមសម្តីជនរងគ្រោះជាប្រពន្ធបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់និងប្តីរួមទាំងកូនប្រុសអាយុមួយឆ្នាំម្នាក់ទៀត បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1J-5558 ដោយទើបតែចេញមកពីផ្ទះពូនៅម្តុំផ្សារគីឡូលេខ៦បំណងជិះត្រឡប់ទៅផ្ទះវិញនៅម្តុំស្ពានដែកចម្ការដូង បើកបរតាមបណ្តោយផ្លូវ៥២៨ ក្នុងទិសដៅពីកើតទៅលិចហើយដែលគាត់អង្គុយពីក្រោយស្ពាយកាបូបដាក់ចំហៀងខ្លួន។ លុះជិះមកដល់ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកZoomer-X មិនចាំស្លាកលេខ ជិះមកពីក្រោយហើយក៏ធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះជាប្រពន្ធបានសម្រេច ហើយរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព បន្សល់ទុកតែជនរងគ្រោះនៅនឹងកន្លែងកើតហេតុ។

ក្នុងកាបូបដែលជនសង្ស័យធ្វើសកម្មភាពឆក់យកទៅខាងលើនោះមាន លុយចំនួន៥០ម៉ឺនរៀល ទូរសព្ទដៃម៉ាកIPhone ចំនួន១គ្រឿង ទូរសព្ទដៃម៉ាកសាំសុងមួយគ្រឿង និងរបស់របរមួយចំនួនទៀត។

ក្រោយពេលកើតហេតុជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ចនោះទេ គឺបានជិះម៉ូតូត្រឡប់ទៅផ្ទះវិញដោយក្តីអស់សង្ឃឹម៕

មតិយោបល់