ព័ត៌មានជាតិ

Update៖ សង្ស័យវិបត្តិគ្រួសារ! អង្គុយយំនៅលើស្ពានជ្រោយចង្វារ ផ្អើលសមត្ថកិច្ចចេញមកឃាត់ខ្លាចនាងលោតទឹក!

ភ្នំពេញ: ស្ត្រីម្នាក់សង្ស័យមានវិបត្តិគ្រួសារធ្ងន់ធ្ងរ មកអង្គុយយំកណ្តាលស្ពានជ្រោយចង្វារ ត្រូវកម្លាំងសណ្តាប់ធ្នាប់និងសមត្ថកិច្ចឃើញខ្លាចនាងលោតទឹកសម្លាប់ខ្លួន នាំមកគល់ស្ពានត្រើយខាងកើត សួរនាំ ហើយសាច់ញាតិមកទទួលត្រឡប់ទៅវិញ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅលើស្ពានជ្រោយចង្វារថ្មី ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ស្ត្រីខាងលើមិនត្រូវបានស្គាល់ឈ្មោះនោះទេ មានអាយុប្រហែលជាង៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ និងមានស្រុកកំណើតនៅខេត្តព្រៃវែង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានគេរាយការណ៍ប្រាប់ថាមានស្ត្រីម្នាក់អង្គុយយំនៅលើស្ពានជ្រោយចង្វារថ្មី ហើយសមត្ថកិច្ចឈរជើងនៅគោលដៅនិងសណ្តាប់ធ្នាប់បានទៅនាំស្ត្រីខាងលើមកគល់ស្ពានត្រើយខាងកើតដើម្បីសួនាំតែម្តង។

សមត្ថកិច្ចបន្តថាស្ត្រីខាងលើមានវិបត្តិគ្រួសារតែមិនដឹងលម្អិតនោះទេ។

ក្រោយពេលកើតហេតុស្ត្រីខាងលើបានទាក់ទងសាច់ញាតិមកដឹកចេញពីកន្លែងកើតហេតុនៅម៉ោង៨និង៤៦នាទីថ្ងៃដដែលចេញទៅបាត់តែម្តង៕

មតិយោបល់