ព័ត៌មានជាតិ

ដឹងថាសង្គមស្អប់ខ្ពើម នៅតែប្រព្រឹត្ត! នៅក្មេងសោះ បែរជាជួញដូរគ្រឿងញៀន..

បន្ទាយមានជ័យ: នៅវេលាម៉ោង២រសៀល ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងក្នុងបរិវេណវត្តសមាធិផល ស្ថិតនៅភូមិបួន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានប្រាប់ឲ្យដឹងថា ពេលទទួលបានព័ត៌មាន ពីករណីចែកចាយសារធាតុញៀននៅចំណុចខាងលើ លោកបានធ្វើសំណើទៅលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង សហការជាមួយកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត ប្រតិបត្តិការចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅចំណុចខាងលើភ្លាមៗនៅនឹងកន្លែង និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡៃ ចំប៉ី (ហៅ ថង់រ៉យ) ភេទស្រី អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងវត្ថុតាងរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន៥កូនថង់ ស្មើ០.៧៣ក្រាម, ទូរសព្ទដៃចំនួន១គ្រឿង, ដែកកេះកែឆ្នៃចំនួន២, កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ហើយបានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់បន្ថែមថា ៖ ដោយមានការបង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបានដឹកនាំកម្លាំងជំនាញ ចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿងញៀននៅចំណុចខាងលើ ហើយក្នុងប្រតិបត្តិការបង្រ្កាបដែលទទួលបានជោគជ័យនេះ គឺយោងទៅលើព័ត៌មាន ទីតាំង និងការកំណត់មុខសញ្ញាច្បាស់ លាស់ ។
ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ រួមនឹងវត្ថុតាង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅតុលា ដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់