ព័ត៌មានជាតិ

នគរបាលនិងអាវុធហត្ថក្រុងតាខ្មៅ ដែលធ្វេសប្រហែលឲ្យជនសង្ស័យរឿងគ្រឿងញៀន រត់គេចខ្លួន ពេលនេះចាប់មិនទាន់បានទេ!

កណ្ដាល: ២ករណីផ្សេងគ្នា តែជារឿងគ្រឿងញៀនទាំងអស់ ដែលនគរបាលការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និង សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងតាខ្មៅ ធ្វេសប្រហែបណ្តាលឱ្យជនសង្ស័យរត់គេចខ្លួន នោះ រហូតមកទល់ពេលនេះ ពុំទាន់ចាប់ខ្លួនបានមកវិញនៅឡើយទេ ។

ប្រភពព័ត៌មានច្បាស់ការបានបង្ហើបឱ្យដឹងនៅថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០១៨ នេះថា ជនសង្ស័យដែលរត់គេចខ្លួនក្នុងតុលាការខេត្តកណ្ដាល ពុំទាន់ចាប់ខ្លួនបានមកវិញទេ ។

ដោយឡែកនគរបាលក្រុងតាខ្មៅ ដែលពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ហើយរត់គេចខ្លួនពីក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ ក៏ពុំទាន់ចាប់ខ្លួនបានដែរ ។

បញ្ហាធ្វេសប្រហែសនេះ ធ្វើឱ្យមជ្ឈដ្ឋានមួយចំនួនរិះគន់យ៉ាងខ្លាំងក្លា អំពីភាពកម្សោយរបស់សមត្ថកិច្ច ដែលធ្វើឱ្យ ជនសង្ស័យរត់គេចខ្លួនបែបនេះ ។

ករណីទី១៖ ជនសង្ស័យ២នាក់ប្តីប្រពន្ធពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន ត្រូវបាននគរបាលការិយាល័យ ប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល បញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៧ ដើម្បីចាត់ការតាមច្បាប់ ។ នគរបាលទាំងនេះ ស្លៀកពាក់ឯកសណ្ឋាន ស៊ីវិល ដោយទំនងសំអាងថាជាថ្ងៃអាទិត្យ ។

ក្រោយការសាកសួរ លោក ហេង ផេង ព្រះរាជអាជ្ញារងសម្រេច ចោទប្រកាន់ពីរនាក់ប្តីប្រពន្ធនេះ ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន រួចបញ្ជូនជនត្រូវចោទ និងសំណុំរឿងទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី។ លោក ងួន វុទ្ធី ជាចៅក្រមស៊ើបសួរ សម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ ទាំងពីរនាក់នេះដាក់ពន្ធនាគារ បណ្តោះអាសន្ន ។

ចន្លោះពេលនេះ ជនត្រូវចោទទាំងពីរនាក់ ត្រូវជាប់ខ្នោះដៃជាមួយគ្នា ហើយដោយសារការធ្វេសប្រហែស របស់នគរបាល ប្តីបានដោះខ្នោះដៃរត់គេចខ្លួន តែម្នាក់ឯងចោលប្រពន្ធឱ្យនៅតែឯង ធ្វើឱ្យមានការភ្ញាក់ផ្អើលតែម្តង ។

ករណីទី២៖នគរបាលក្រុងតាខ្មៅនិងបក្ខពួក៤នាក់ទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ។ ប៉ុន្តែក្រោយមក នគរបាលក្រុងតាខ្មៅរូបនេះ បានរត់គេចខ្លួនពីក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ៕

មតិយោបល់