ព័ត៌មានជាតិ

ជិះម៉ូតូបត់មិនមើលក្រោយ ត្រូវរថយន្តបុកពេញទំហឹង ស្លាប់ម្នាក់របួស២នាក់!..

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងរថយន្ត បើកបរក្នុងទិសដៅស្របទិស ពីកើតទៅលិច បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង និងរបួសធ្ងន់ស្រាល២នាក់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី0៦ ខែកុម្ភ: ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៨ ចំណុចភូមិពោធិជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាក ស្កុបពី ពណ៌ស គ្មានស្លាកលេខ ជិះដោយឈ្មោះផៃ ឧត្តម ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិត្របែកើត ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ (រងរបួសធ្ងន់)បញ្ជូនទៅពេទ្យរង្វង់មូលស្វាយអន្ទរ និងរួមដំណើរ២នាក់ ទី១ឈ្មោះ ណៃ នី ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិគក ឃុំអង្គរទ្រេត(ស្លាប់នៅកន្លែងកើតហេតុ) និងទី២ឈ្មោះ ធី ស៊ាងលី ភេទប្រុស អាយុ៨ឆ្នាំ នៅភូមិត្របែកកើត(រងរបួសស្រាល) បានបត់មិនប្រយ័ត្ន ក៏ត្រូវរថយន្តម៉ាក ស៊ីណា ពណ៌ស ស្លាកលេខ ភ្នំពេញ2AS-3242 អ្នកបើកបានរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូ មករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលស្វាយអន្ទរ។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់