ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប បុករះគោយន្តដឹកឈើ​ ស្លាប់​និងរបួស៤នាក់ នៅសៀមរាប!

សៀមរាប: លោកវរសេនីយ៍ទោ សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តម៉ាក​​​ស៊ីណា ​ធ្វើដំណើរពីកើតទៅលិច​ ស្របទិសគោយន្តច្នៃ បានជ្រុលចង្កូតទៅបុកចំពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស៣នាក់។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង កាលពីថ្ងៃអង្គារ៍ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក​ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ​ស្ថិតលើផ្លូវជាតិលេខ៦ ស្ថិតនៅចំណុចភូមិតាអុង ឃុំល្វែងឫស្សី ស្រុកជីក្រែងរវាង ខេត្តសៀមរាប។

ជនរងគ្រោះមានឈ្មោះ តាន ​ឡុង ភេទប្រុស អាយុ៣៦ឆ្នាំ(ស្លាប់) រស់នៅភូមិព្រែធំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ និងអ្នករួមដំណើរ២នាក់ ឈ្មោះ ហ៊ម ហ៊ាក ភេទប្រុស អាយុ១៨ឆ្នាំ(របួសធ្ងន់) និងឈ្មោះ ហ៊ម ភេទប្រុស អាយុ៤៦ឆ្នាំ(របួសស្រាល)​ ទាំង២នាក់រស់នៅភូមិបេង ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

ចំណែក​រថយន្តម៉ាក ស៊ីណា ពណ៌ស ស្លាកលេខភ្នំពេញ 2AC-9176 ជនមិនស្គាល់អត្តសញ្ញាណចុះគេចខ្លួនបាត់ មានអ្នករួមដំណើរ7នាក់ របួសម្នាក់ស្រាល ឈ្មោះ ឈុន អេង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅសង្កាត់និរោធិ ខ័ណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​។ ក្រោយកើតហេតុ កម្លាំងជំនាញ​បានចុះវាស់វែង យករថយន្តមករក្សាទុក កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕


មតិយោបល់