Post News Media ព័ត៌មានជាតិ ខ្លាំងបាត់! ព...

ខ្លាំងបាត់! ព្រួតគ្នាវាយប៉ូលិសហើយ ស្រែកថាចោរ បម្រុងលើកម៉ូតូប៉ូលិសជិះរត់ទៀត

ភ្នំពេញ: ក្មេងទំនើងម្នាក់ ក្នុងចំណោមបក្ខពួក៦នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីក្រុមក្មេងទំនើងទាំងនោះ បានព្រួតគ្នាវាយទៅលើសមត្ថកិច្ចដែលស្លៀកឯកសណ្ឋានស៉ីវិល បណ្តាលឲ្យហើមភ្នែក។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចតាមបណ្តោយផ្លូវ៤៣២ ក្បែរនិងគ្លីនិកវីរ:បុត្រ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនទំនើងខាងលើមានឈ្មោះ រិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

បើតាមសម្តីពីជនរងគ្រោះសូមមិនបញ្ចេញឈ្មោះដែលជាសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទំនប់ទឹក បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានអង្គុយប្រចាំការនៅខាងមុខមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតតែម្នាក់ឯង ដោយពាក់ឯកសណ្ឋានស៉ីវិល។ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានប្រជាពលរដ្ឋបានមកប្រាប់គាត់ថា មានក្រុមក្មេងស្ទាវ២ក្រុមកំពុងវាយគ្នានៅខាងមុខផ្សារទំនើបសុវណ្ណា ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ ពេលនោះគាត់ក៏បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 1-6253 ទៅមើលនៅកន្លែងដែលប្រជាពលរដ្ឋប្រាប់នោះតែមិនឃើញ ហើយគាត់ក៏បានជិះដើរមើលតាមរហូតដល់ចំណុចកើតហេតុ ក៏ស្រាប់តែឃើញក្មេងទំនើងខាងលើរួមទាំងបក្ខពួក៦នាក់ទៀត ក្នុងនោះមានស្រីម្នាក់ បានឈប់ចតម៉ូតូចំនួន៣គ្រឿង ១គ្រឿងម៉ាក PCX ពណ៌ខៀវ បិតតែមពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1FR-0001 និង២គ្រឿងទៀតមិនចាំម៉ាក។ ហើយគាត់ក៏បានជិះម៉ូតូយឺតៗដើម្បីមើល ខណ:ពេលនោះស្រាប់តែក្មេងទំនើងខាងលើរួមទាំងបក្ខពួកបានយកមួកសុវត្ថិភាពគប់មកលើគាត់ចំភ្នែកខាងស្តាំបណ្តាលឲ្យដួលម៉ូតូ ហើយបក្ខពួករបស់ក្មេងទំនើងខាងលើបានយកដំបងនិងខ្សែក្រវ៉ាត់ដេញវាយរូបគាត់និងស្រែកចោរ រួចក៏មានបក្ខពួកក្មេងទំនើងខាងលើម្នាក់បានបម្រុងនិងលើម៉ូតូរបស់គាត់ជិះរត់ តែក៏ត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះដែលស្គាល់រូបគាត់បានចូលមកជួយអន្តរាគមន៍។ ហើយក្មេងទំនើងខាងលើរួមទាំងបក្ខពួកក៏បានលើជិះម៉ូតូរត់គេចខ្លួន។

ភ្លាមៗនោះគាត់ក៏បានលើម៉ូតូជិះដេញតាមពីក្រោយនិងបានទាក់ទងហៅកម្លាំងសមត្ថកិច្ចតាមវិទ្យុទាក់ទង ឲ្យមកជួយអន្តរាគមន៍រហូតដល់ចំណុចក្បែរនិងវត្តដំបូកខ្ពស់ តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់បឹកទំពុនទី១ ខណ្ឌមានជ័យ ទើបអាចធ្វើការស្ទាក់ចាប់បានក្មេងទំនើងខាងលើបានម្នាក់។ ចំណែកឯបក្ខពួក៥នាក់ទៀតបានជិះម៉ូតូរត់ខ្លួនបាត់ស្រមោល។

បច្ចុប្បន្នក្មេងទំនើងខាងលើរួមទាំងនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំចាត់ការទៅតាមនិតិវិធីច្បាប់៕

Loading...