ព័ត៌មានជាតិ

ព្រះរាជអាជ្ញារងចោទប្រកាន់បុរសម្នាក់ ដែលរួមភេទតាមហ្វេសប៊ុកនិងគំរាមកំហែងហែកកេរ្ដិ៍ដើម្បីទារប្រាក់ពីស្រ្ដីម្នាក់ធ្វើការនៅប្រទេសកូរ៉េ

កណ្ដាល: មន្ត្រីតុលាការ ថ្លែងឱ្យដឹងថាលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៨ នេះ សម្រេចចោទប្រកាន់បុរសម្នាក់ដែលរួមភេទតាមហ្វេសប៊ុកនិងគំរាមទារប្រាក់ពីស្ត្រីរងគ្រោះជាពលករខ្មែរនៅកូរ៉េបានជាង៤ម៉ឺនដុល្លារ ជាផ្លូវការ ហើយបច្ចុប្បន្នជនត្រូវចោទនិងសំណុំរឿងត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។

ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ”គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោសដោយសារការអនុវត្តជាក់ស្ដែងនូវការគំរាមកំហែង”តាមមាត្រា៣៧៤នៃក្រមព្រហ្មទណ្ឌ។

បទល្មើសនេះកំណត់ការផ្តន្ទាទោសចន្លោះពី៥ឆ្នាំទៅ១០ឆ្នាំ។

គួរបញ្ជាក់ថា ជនល្មើសរូបនេះ ធ្លាប់ជាប់ពន្ធនាគារ១២ឆ្នាំ ពីបទប្លន់ បានសម្រេចគំរាមទារប្រាក់ជាថ្នូរនឹងការមិនបញ្ចេញរូបអាក្រាតកាយ ដែលស្ត្រីរងគ្រោះធ្លាប់បានរួមភេទ ជាមួយខ្លួនតាម Online ពីប្រទេសកូរ៉េ រហូតសរុបទឹកប្រាក់ដែលត្រូវខាតបង់ជាង៤ម៉ឺនដុល្លារ ភាគច្រើនបានផ្ញើតាម Wing។

បន្ទាប់ពីត្រូវបានចំណាយទឹកប្រាក់ជាង៤ម៉ឺនដុល្លារនោះ ស្ត្រីរងគ្រោះបានអស់លទ្ធភាពរកប្រាក់ផ្ញើមកតាមការគំរាម ក៏ដាច់ចិត្តធ្វើដំណើរមកស្រុកខ្មែរ ហើយទម្លាយរឿងដ៏ខ្មាសអៀននេះ ដល់ក្រុមគ្រួសារ ដើម្បីដាក់ពាក្យបណ្តឹងទៅកាន់នគរបាលខេត្តកណ្តាល រហូតបំបែកដោយជោគជ័យ និងតាមចាប់ជនដៃដល់បាន នៅថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០១៨។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចម្រើន ស្នងការនគរបាលខេត្តកណ្ដាល បានរៀបរាប់ពីដំណើររឿង យ៉ាងដូច្នេះថា៖
ករណីគំរាមកំហែងហែកកេរ្តិ៍ខាងលើនេះ បានកើតឡើងតាំងពីខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ប៉ុន្តែទើបតែនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ដែលស្រ្តីរងគ្រោះបានដាក់ពាក្យបណ្តឹង នៅស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ដើម្បីបើកការស្រាវជ្រាវតាមចាប់ជនល្មើស។ លុះនៅថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០១៨ កម្លាំងនគរបាលជំនាញខេត្តកណ្តាល ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងមានការសម្របសម្រួលពីតំណាងអយ្យការផងនោះ បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតតាមចាប់ជនល្មើសបានតែម្តង។

បើតាមលោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនល្មើសរូបនេះមានឈ្មោះ ផា ផាន់ណា អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ហើយត្រូវបានឃាត់ខ្លួននៅចំណុច ហាងសាំង LHR ភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តខេតកណ្ដាលនៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨។ ជននេះជាមុខសញ្ញាជាប់ពន្ធនាគារ (ព្រៃស) ប្រព្រឹត្តនៅភ្នំពេញ ឆ្នាំ២០០៣-២០១៤ (រយ:ពេល១២ឆ្នាំ)ជាប់ពីបទប្លន់ ហើយចេញពីពន្ធនាគារត្រពាំងផ្លុង ឆ្នាំ២០១៤ លុះឆ្នាំ២០១៥ វិលមកចូលមូលដ្ឋានវិញ។ ដោយឡែកស្រ្តីរងគ្រោះមានឈ្មោះ ទ.ច.ម អាយុ៣១ឆ្នាំ មុខរបរពលការីនី នៅប្រទេសកូរ៉េខាងត្បូង។

កន្លងមកជនរងគ្រោះចេញទៅធ្វើការនៅប្រទេសកូរ៉េលើកដំបូង នៅចុងឆ្នាំ២០១៣ តែក្រោយមកបានសុំច្បាប់ត្រឡប់មកស្រុក ដើម្បីរៀបការយកប្ដី នៅអំឡុងខែកុម្ភ: ឆ្នាំ២០១៧ ហើយបានទៅប្រទេសកូរ៉េវិញ នៅខែមេសា ឆ្នាំ២០១៧។ នៅដើមខែឧសភា ឆ្នាំ២០១៧ ជនរងគ្រោះ បានចាប់ផ្ដើមមានទំនាក់ទំនងជាមួយជនសង្ស័យឈ្មោះ ផា ផាន់ណា តាមរយ: Facebook Messager (chat) Srey Nang និង Facebook របស់ស្រ្តីរងគ្រោះ។ សម្រាប់ជនសង្ស័យនិងប្ដីជនរងគ្រោះ ក៏មានទំនាក់ទំនងគ្នាជាមិត្តភក្តិ តាមរយ:ការមករៀនភាសាកូរ៉េ នៅខេត្តកំពង់ឆ្នាំង រហូតស្នាក់នៅផ្ទះ និងទំនាក់ទំនងស្គាល់គ្នាជាមួយក្រុមគ្រួសារជនរងគ្រោះ។

ក្នុងខែឧសភា ឆ្នាំ២០១៧ ជនរងគ្រោះ និងជនសង្ស័យ ក៏ទំនាក់ទំនងស្គាល់គ្នាកាន់តែស៊ីជម្រៅរហូតឆាតតាម Facebook ហើយបានសុំស្រឡាញ់គ្នា ហើយបាន Live ថតបង្ហាញកេរ្តិ៍ភេទឲ្យគ្នាមើលទៅវិញទៅមកដោយសារការស្រឡាញ់គ្នា ក្នុងពេលដែលជនរងគ្រោះ កំពុងធ្វើការនៅប្រទេសកូរ៉េ។ បន្ទាប់មកជនសង្ស័យ ក៏បានចាប់ផ្តើមទារលុយពីជនរងគ្រោះ ជាបន្តបន្ទាប់ រហូតខ្ទង់ពាន់ដុល្លារ ដោយប្រើភាសាគំរាមកំហែងថា បើមិនមកឲ្យខ្លួនទេ នឹងបង្ហាញរូបភាពប្រាប់ទៅឲ្យក្រុមគ្រួសារ និងប្ដីជនរងគ្រោះដឹងឲ្យឈឺចាប់ក្អួតឈាម។

ដោយសារខ្លាចបែកធ្លាយរូបភាព និងដំណឹងដ៏ខ្មាសអៀននេះ ជនរងគ្រោះបានសុខចិត្តវេលុយតាមរយ: Wing និងពេលខ្លះតាមរយ: Western Unoin ពីកូរ៉េមកខ្មែរសរុបជាង៤ម៉ឺនដុល្លារ។ ជនរងគ្រោះដោយយល់ឃើញថា ខ្លួនអស់មានលទ្ធភាព រកលុយបន្ថែមឲ្យជនសង្ស័យ ក៏បានសម្រេចធ្វើដំណើរត្រឡប់មកស្រុកខ្មែរវិញ ហើយដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ច បន្តស្វែងរកជនសង្ស័យ ដើម្បីបន្តចាត់ការតាមនីតិវិធី៕
//youtu.be/kKr_0-urCCk

មតិយោបល់