ព័ត៌មានជាតិ

ចោរវ័យក្មេង​២នាក់ ឆក់កាបូបស្ពាយពីប្តីប្រពន្ធ២នាក់ មិនបានសម្រេចជាប់ខ្នោះ

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីបុរសស្ត្រី២នាក់ប្តីប្រពន្ធមិនបានសម្រេច ហើយត្រូវជនរងគ្រោះជិះម៉ូតូដេញតាមហើយស្រែកថាចោរៗផ្អើលដល់សមត្ថកិច្ចនិងសន្តិសុខយាមនៅហ្គ្រេនភ្នំពេញ ឃាត់ខ្លួនបានកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវភ្លោះចូលហ្គ្រេនភ្នំពេញ ស្ថិតក្នុងក្រុមទី៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទាំងពីរនាក់នោះគឺទី១ឈ្មោះ រម្យ ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិចំពុះក្អែក ឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានសារធាតុញៀន) ។
ទី២ឈ្មោះ ស៊ិន សុផល ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ក្រុមទី៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវរាជធានីភ្នំពេញមុខរបរបើករថយន្ត (ឃាត់ខ្លួនមានសារធាតុញៀន ) ។

អ្នកទាំងពីរធ្វើសកម្មភាពដោយជិះម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FY-6718។ ចំណែកជនរងគ្រោះឈ្មោះ ទឹង សំផុស្ស ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ភូមិព្រៃពង្រ សង្កាត់ពញាពន្ធ ខណ្ឌព្រែកព្នៅ មុខរបរ ទិញនិងលក់ដី។ រីឯប្រពន្ធរបស់គាត់មិនត្រូវបានស្គាល់ឈ្មោះនោះទេ។
សមត្ថកិច្ចឲ្យដឹងទៀតថានៅមុនពេលកើតហេតុ ជនរងគ្រោះ២នាក់ប្តី ប្រពន្ធ ធ្វើដំណើរចេញពីម្ដុំទូលគោក ទៅផ្ទះនៅចំណុចនៅភូមិព្រៃពង្រសង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។លុះមកដល់កន្លែងកើតហេតុ ខាងលើក៏មានជនសង្ស័យជិះម៉ូតូតាមពីក្រោយធ្វើសកម្មភាពឆក់តែម្តង ប៉ុន្តែត្រូវបានប្រពន្ធរបស់ជនរងគ្រោះអោបកាបូបជាប់ ហើយស្រែកចោរៗ ដេញតាម ត្រូវបានកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍ដែលបានល្បាតនៅក្បែរនោះសហការណ៍រួមទាំងសន្តិសុខយាមនៅហ្គ្រេនភ្នំពេញស្ទាក់ចាប់បានតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំងរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីសួរយកចម្លើយនិងកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធី៕

មតិយោបល់