ព័ត៌មានជាតិ

បុរសម្នាក់គាំងបេះដូងស្លាប់ ក្រោយនាយករងសាលាស្តីឲ្យ រឿងកុំឲ្យប្រើកែវជ័រ

ភ្នំពេញ: បុរសម្នាក់គាំងបេះដូងស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតូបលក់របស់គាត់ ក្នុងសាលាវិទ្យាល័យចាក់អង្រែ ក្រោមភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុបុរសខាងលើ នោះបានជៀនប្រហិត លក់ឲ្យសិស្សសាលា ខណ:នោះមានលោកគ្រូនាយករងឈ្មោះ អោ វ៉ាន់ បានដើរប្រាប់តាមតូបអ្នកលក់ដូរ ក្នុងសាលាថា កុំឲ្យប្រើកែវជ័រដាក់ឲ្យសិស្សសាលា ញុាំទឹកព្រោះវាប៉ះពាល់ដល់សុខភាពសិស្ស ខណ:រូបគាត់មិនបានដឹងទេថា បុរសខាងលើនេះ មានជំងឺបេះដូង មួយសន្ទុះក្រោយមកបុរសដែលក់ប្រហិតនោះ ក៏បានដួលស្លាប់ភ្លាមៗតែម្ដង នៅក្នុងតូបលក់របស់គាត់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែង និងបានរាយការណ៍បន្តដល់នគរបាលជំនាញ ចុះទៅពិនិត្យសពជនរងគ្រោះខាងលើ ដោយប្រពន្ធរបស់គាត់ មិនបានប្តឹងផ្តល់អ្វីនោះទេ ហើយបានប្រាប់ថា ប្តីរបស់គាត់មានជំងឺខ្សោយបេះដូង ដោយប្រើប្រាស់ថ្នាំជាប្រចាំ នៅមុនពេលកើតហេតុ ប្តីគាត់មិនទាន់បានលេបថ្នាំការពារទេ ហេតុដូចនេះ ឲ្យតែគាត់ខឹងគេម្តងៗ តែងតែសន្លប់ជាញឹកញាប់។

ជនរងគ្រោះឈ្មោះ ខូវ ប៉ាវហួ អាយុ៤៦ឆ្នាំ មុខរបរលក់ប្រហិតជៀន ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែ ក្រោមខណ្ឌមានជ័យ ហើយបច្ចុប្បន្នសពបុរសខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់