ព័ត៌មានជាតិ

«កុំឲ្យអ្នកណាដឹង ចែកគ្នាម្នាក់១០០០ដុល្លារ» ចុងក្រោយខ្នោះ..

សៀមរាប: ស្រ្តីម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពក្លែងជារើសបានលុយដុល្លារក្លែងក្លាយចំនួន៧០០ដុល្លារនិងដុំមាសសំណរ ក្នុងថង់ពណ៌ក្រហម បង្ហាញទៅជនរងគ្រោះដើម្បីលួងលោមយកខ្សែកមាសពិតពីជនរងគ្រោះ។
ការចាប់ឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០១៨ នៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅផ្សារលើ ដោយមានពាក់គ្រឿងអលង្ការជាប់នឹងខ្លួន ទៅដល់កន្លែងលក់បន្លែបរិវេណផ្សារលើ កំពុងតែឈរទិញបន្លែ ស្រាប់តែមានជនសង្ស័យបានទះស្មាខ្លួន១ដៃ ហើយឲ្យខ្លួនឡើងជិះម៉ូតូទៅជាមួយ និងមានបក្ខពួក២នាក់ជិះម៉ូតូ១គ្រឿងផ្សេងទៀត ពេលនោះរូបគាត់បានឡើងជិះលើម៉ូតូ ក៏មានអ្នករត់ម៉ូតូឌុបម្នាក់ ដែលរស់នៅផ្ទះជាប់គ្នាបាន ហៅខ្លួន ហើយចាប់ដៃខ្លួនចុះពីម៉ូតូ និងស្រែកហៅ អ្នកនៅក្បែរកន្លែងកើតហេតុឲ្យជួយឃាត់ជនសង្ស័យ ភ្លាមៗនោះនគរបាលផ្នែកសណ្តាប់ធ្នាប់និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដែលឈរជើងនៅខាងមុខផ្សារលើ បានសហការជាមួយក្រុមសន្តិសុខផ្សារលើ ធ្វើការឃាត់ខ្លួនជនសង្ស័យ នាំមកអធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីធ្វើការសាកសួរនាំតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡាត់ ស្រីរើន ហៅម៉ាប់ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឆ្លើយសារភាពថាខ្លួន ជាមួយ ឈ្មោះ រ៉ា និងឈ្មោះ ថន មិនស្គាល់ត្រកូល មានទីលំនៅរាជធានីភ្នំពេញ បានធ្វើសកម្មភាពយកលុយក្លែងក្លាយ ចំនួន៧០០ដុល្លារ និងសំណរ ដាក់ក្នុងថង់ពណ៌ក្រហម១ដាក់ក្នុងកាបូបហើយបង្ហាញទៅជនរងគ្រោះ ដោយនិយាយថាចែកគ្នាម្នាក់១០០០ដុល្លារ កុំឲ្យអ្នកណាដឹង ក្នុងគោលបំណង លួងលោមយកខ្សែក ពីជនរងគ្រោះ។ ក្នុងនោះដកហូតវត្ថុតាងបាន៖ ក្រដាសលុយ១០០ដុល្លារ(ក្លែងក្លាយ)ចំនួន៧សន្លឹក ដុំសំណរ ពណ៌ដូចមាស ចំនួន៣ដុំតូចៗ ថង់ពណ៌ក្រហម១ និងកាបូប១។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ជនសង្ស័យនិងវត្ថុតាងត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ចំណែកបក្ខពួកជនសង្ស័យ២នាក់ទៀត មន្ត្រីនគរបាលយុត្តិធម៌ក្រុងសៀមរាបកំពុងធ្វើការស្រាវជ្រាវ កំណត់អត្តសញ្ញាណ ដើម្បីធ្វើការស្វែងរក ឃាត់ខ្លួនបន្តទៀត៕

មតិយោបល់