Post News Media ព័ត៌មានជាតិ ស្រវឹងស្រា បា...

ស្រវឹងស្រា បាត់បង់ស្មារតីបើកម៉ូតូបុករ៉ឺម៉កកង់បី របួសធ្ងន់ស្រាល៩នាក់

ភ្នំពេញ: ម៉ូតូវ៉េវមួយគ្រឿងបើកបរដោយបុរស២នាក់ស្រវឹងស្រាជិះរេចង្កូតទៅបុករ៉ឺម៉កដឹកកូនសិស្សសាលាកូរ៉េ បណ្ដាលឲ្យក្រឡាប់រងរបួសធ្ងន់៤នាក់ និងស្រាល៥នាក់។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវលំគ្មានលេខ ដែលនៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម៉ូតូបង្កម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ បើកបរដោយបុរស២នាក់មិនស្គាល់អត្តសញ្ញាណបើកបរក្នុងស្ថានភាពស្រវឹង ក្នុងទិសដៅពីលិចទៅកើតបណ្តាលឲ្យរងរបួសធ្ងន់២នាក់ ។ ចំណែករ៉ឺម៉កដឹកសិស្ស ពណ៌ក្រហម បើកដោយយុវជនម្នាក់ដឹកកូនសិស្សសាលាកូរ៉េ៦នាក់ ក្នុងនោះសរុបទាំងអស់៧នាក់ ស្រី៥នាក់ បើកបរក្នុងទិសដៅពីកើតទៅលិច បណ្ដាលឲ្យរងរបួសធ្ងន់នារី២នាក់ អ្នកជិះម៉ូតូ២នាក់ និងរបួសស្រាល៥នាក់ស្រីប្រុស។

តាមប្រភពព័ត៌មានពីខាងរ៉ឺម៉កដែលជាសិស្ស សាលាកូរ៉េនៃព្រះយេស៊ូគ្រីស្ទ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានចេញមកពីសាលាកូរ៉េនៃសាសនាយេស៊ូគ្រីស្ទ នៅម្តុំភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ហើយបាននាំកូនសិស្សទៅផ្ទះវិញ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញម៉ូតូបង្កជិះយ៉ាងលឿនក្នុងទិសដៅបញ្រ្ចាសទិសគ្នា បានរេចង្កូតទៅផ្នែកខាងឆ្វេងបុករ៉ឺម៉កពេញទំហឹង បណ្ដាលឲ្យម៉ូតូខូចខាតមួយកំណាត់មុខ ចំណែកឯរ៉ឺម៉កវិញក្រឡាប់ផ្ងារជើងច្រង៉ាងតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះរបួសធ្ងន់ទាំង៤នាក់ ត្រូវបានបងប្អូនដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យឯកជនជិតកន្លែងកើតហេតុភ្លាមៗផងដែរ ចំណែកម៉ូតូ និងរ៉ឺម៉កម៉ូតូ ត្រូវបានជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

Loading...