ព័ត៌មានជាតិ

ផ្តន្ទាទោសស្ត្រីជនជាតិវៀតណាមម្នាក់ ដាក់គុក២ឆ្នាំកន្លះ រឿងចេញសែកស្អុយជាង៤លានដុល្លារ

ភ្នំពេញ: នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភ: ឆ្នាំ២០១៨នេះ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ ប្រកាសសាលក្រមផ្តន្ទាទោស ស្ត្រីជនជាតិវៀតណាមឈ្មោះ គឹម ចាន់ស្នូរ ភេទស្រី អាយុ ៣៥ឆ្នាំ ដាក់ពន្ធនាគារកំណត់រយ:ពេល ២ឆ្នាំ ៦ខែ និងបង្គាប់ឲ្យសងលុយដែល ឆបោក បានទាំងអស់ទៅដើមបណ្តឹងវិញ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ២៣១ នៃច្បាប់ស្តីពី ចឧបករណ៍អាចជួញដូរបាន និងប្រត្តិបត្តិការទូទាត់សងប្រាក់។

នៅក្នុងសវនាការ កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨ កន្លងទៅ ជនជាប់ចោទឈ្មោះ គឹម ចាន់ស្នូរ បានសារភាពថា ខ្លួនពិតជាបាន ចេញសែកគ្មានសាច់ប្រាក់ ឲ្យទៅដើមបណ្ដឹងឈ្មោះ ឯក សំណាង ចំនួន ៣សន្លឹក ដែលមាន១សន្លឹក ជាង៤ដុល្លារ ១សន្លឹក ៥៥,០០០ដុល្លារ និង១សន្លឹក ៩ម៉ឺនដុល្លារ ដើម្បីតម្កល់នៅពេលខ្លួនខ្ចីលុយ ដើមបណ្តឹងទៅរកស៊ីមែន។

គួរកត់សម្គាល់ថា ស្ត្រីជាជាប់ចោទឈ្មោះ គឹម ចាន់ស្នូរ ត្រូវបានមន្ត្រីពន្ធនាគារព្រៃស ម២ បញ្ជូនទៅកាន់តុលាការ ដោយមានសម្លៀកបំពាក់ ខុសពីជនជាប់ចោទដទៃដែលពន្ធនាគារបានកំណត់ ហើយជិះរថយន្តទំនើប និងដាច់ដោយឡែកពីគេឯង។

អ្វីដែលកាន់តែពិសេសទៅទៀតនោះស្ត្រីជនជាប់ចោទឈ្មោះ គឹម ចាន់ស្នូរ ដែលគេដឹងថា មានដើមកំណើត ជាជនជាតិវៀតណាមរូបនេះ មានឱកាសប្រើប្រាស់ទូរសព្ទដៃ ស្មាតហ្វូន ស៊េរីទំនើប ម៉ាក IPhone 7Pluse ពណ៌ខ្មៅ ជាលក្ខណ:ផ្ទាល់ខ្លួនទុកសម្រាប់ទាក់ទងសាច់ញាតិ និងលេងហ្វេសប៊ុក កំដរ ភាពអផ្សុក នៅខាងក្រៅបន្ទប់ជនជាប់ចោទ ខណ:កំពុងរងចាំតុលាការ បើកសវនាការគាត់ទោស រូបនាង។

ពាក់ព័ន្ធករណី ដែលមន្ត្រីពន្ធនាគារ ព្រៃ ស ម២ អនុញ្ញាត ឲ្យជនជាប់ចោទប្រើប្រាស់ ទូរស័ព្ទទំនើប ផ្ទាល់ខ្លួនបែបនេះ លោកឧត្តមសេនីយ៍ត្រី សន កែវ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានបញ្ជាក់តាម Telegram ថា ជាគោលការណ៍ បទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ គឺមិនអនុញ្ញាតឲ្យជនជាប់ឃុំប្រើប្រាស់ ទូរសព្ទផ្ទាល់ខ្លួនឡើយ ដោយជនជាប់ឃុំ មានសិទ្ធិប្រើប្រាស់ទូរសព្ទ អចល័តដែលរៀបចំដោយ ពន្ធនាគារតែប៉ុណ្ណោះ ដូច្នេះបើមានការអនុញ្ញាតឲ្យជនជាប់ចោទប្រើទូរសព្ទដៃបែបនេះ ជាអំពើខុសពីបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារហើយ៕

មតិយោបល់