ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុន ការដ្ឋានសំណង់ផ្នែកមើលឃ្លាំងម្នាក់ បែកគំនិតលួចខ្សែភ្លើង ត្រូវប៉ូលិសចាប់បាន !

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួន ពាក់ពន្ធ័ករណីលួចខ្សែភ្លើង ពីក្នុងការដ្ឋានសំណង់ដែលខ្លួនធ្វើការ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៦និង១៩នាទី ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ៤៣​៥វិថី ព្រះសីុសុវត្ថិ ភូមិទី១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ឡុង រំចង់ ភេទប្រុស អាយុ២៦ឆា្នំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ការដ្ឋានសំណង់ផ្នែកមើលឃ្លាំង ទីលំនៅផ្ទះលេខ៧​ ផ្លូវកា៥ ​សង្កាត់ទួលសង្កែ៣ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតយកបាន ខ្សែភ្លើងចំនួន២ បាវ និង២ដុំ ត្រូវបានប្រគល់ឲ្យម្ចាស់ក្រុមហ៊ុនការដ្ឋានសំណង់វិញ ដោយមានជនរងគ្រោះឈ្មោះ អ៊ូ សុវណ្ណនី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកទទួល ខុសត្រូវតំណាងឲ្យក្រុមហ៊ុនការដ្ឋានសំណង់។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់