ព័ត៌មានជាតិ

ឡានដឹកឥដ្ឋ គេចកុងតឺន័រ ជ្រុលបុកឡានក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុនGL Concrete ខ្ទេចក្បាលទាំង២!..

​ភ្នំពេញ: រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបើកលឿនគេចពីរថយន្តកុងតឺន័រដែលបើកបញ្ច្រាសទិសគ្នា ហើយបត់ឆ្លងផ្លូវនោះ ធ្វើឲ្យរថយន្តហ៊ីយ៉ាន់ដាយបួងចង្កូតជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុនGL Concrete បណ្តាលឲ្យគៀបជាប់គ្នាតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៨ នៅកំណាត់ផ្លូវអូឌឹមកប់ស្រូវ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ក៧៥២២ ភព៣ ដឹកឥដ្ឋពេញធ្វើដំណើរតាមបណ្តោយផ្លូវអូឌឹមទំនប់កប់ស្រូវ ក្នុងទិសពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុក៏អ៊កហ្សើជាមួយរថយន្តកុងតឺន័រមួយគ្រឿងដែលធ្វើដំណើរបញ្ច្រាសទិសដៅគ្នាដែលកំពុងបត់ឆ្លងផ្លូវទៅឆ្វេងដៃ ធ្វើឲ្យរថយន្តហ៊ីយ៉ាន់ដាយបួងចង្កូតមកខាងឆ្វេង ក៏ជ្រុលបុករថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុនGL Concreteមួយគ្រឿងទៀត ដែលពាក់ស្លាកលេខ ភ្នំពេញ5A 1057 បណ្តាលឲ្យគៀបជាប់គ្នារងការខូចខាតទាំងសងខាងតែម្តងសំណាងល្អមិនមានមនុស្សរងរបួស។ បន្ទាប់មករថយន្តកុងតឺន័រក៏បន្តដំណើរទៅបាត់ទៅ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់