ព័ត៌មានជាតិ

ហួសចិត្ត! ហិង្សាក្នុងគ្រួសារ បែរជាស្រែកចោរៗ ផ្អើលសមត្ថកិច្ចនិងប្រជាពលរដ្ឋទាំងយប់នៅក្រុងតាខ្មៅ​

កណ្តាល: ករណីហិង្សាក្នុងគ្រួសារមួយបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋជាច្រើននៅក្រុងតាខ្មៅទាំងយប់ ខណ:ដែលប្រពន្ធបានស្រែកថាចោរៗ ដើម្បីឲ្យគេជួយខ្លួន ពេលប្តីបានវាយដំ ពេលនគរបាលនៃអធិការក្រុងតាខ្មៅ សហការជាមួយប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ចុះទៅដល់កន្លែងកើតហេតុ បែរជាម្ចាស់ផ្ទះមិនព្រមសហការ ធ្វើឲ្យប្រជាពលរដ្ឋរិះគន់ថា មិនមែនជាករណីហិង្សាទេ សង្សយ័ជាករណីចោរលួច។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះនៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១០និង៣៥នាទីយប់ នៅចំណុចផ្ទះ Lovely Cake ស្ថិតនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានឲ្យដឹងថា មុនពេលកើតហេតុ លោកបានទទួលព័ត៌មានថា មានករណីថាចោរ លោកបានបញ្ជាឲ្យកម្លាំងព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលក្រុងតាខ្មៅ ចុះទៅដល់ទីតាំងកើតហេតុ តែម្ចាស់ផ្ទះមិនព្រមសហការទើបលោកឲ្យនាយរងប៉ុស្តិ៍តាខ្មៅ ប្រាប់ម្ចាស់ផ្ទះ ព្រឹកស្អែកទៅប៉ុស្តិ៍រដ្ឋបាលដើម្បីសួរនាំ។

បើតាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានលឺសម្លេងនារីម្នាក់បានស្រែកឆោរឡោរយ៉ាងខ្លាំងចេញពីផ្ទះLovely Cake (ផ្ទះលក់នំខេក នំខួបកំណើត) ថាចោរៗ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅជិតនោះ ហើយបានរាយការទៅលោកអធិការក្រុងតាខ្មៅ។ ពេលសមត្ថកិច្ចនគរបាលចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការសួរនាំ បែរជាម្ចាស់ផ្ទះមិនព្រមសហការ ជាមួយសមត្ថកិច្ច។

ប្រជាពលរដ្ឋបានរិះគន់ថា រឿងនេះមិនមែនជារឿងហិង្សាទេ ប្រហែលជារឿងចោរលួចមែន ដោយសារទីតាំងផ្ទះកន្លែងកើតហេតុ ជាផ្ទះរកស៊ី ហើយជាផ្ទះមានបន្ទប់ជួល ទើបមិនព្រមសហការជាមួយសមត្ថកិច្ច។

ពាក់ពន្ធ័រឿងរ៉ាវខាងលើនេះដែរលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅបានបញ្ជាក់ថា លោកនិងឲ្យប៉ុស្តិ៍រដ្ឋបាលក្រុងតាខ្មៅ បញ្ជាក់ឲ្យបានច្បាស់ថា ជាករណីហិង្សា ឬករណីចោរលួច….!៕

មតិយោបល់