ព័ត៌មានជាតិ

តុលាការកាត់ទោស មនុស្សប្រុសស្រី ៣នាក់ រឿងផលិតគ្រឿងញៀន ប្រកាសសាលក្រមថ្ងៃទី១៣កុម្ភៈ

ភ្នំពេញ: លោក តុប ឈុនហេង ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៨ កន្លងទៅ បានបើកសវនាការ កាត់ទោសបុរស២នាក់និងស្ដ្រីម្នាក់ ពាក់ព័ន្ធករណីផលិត និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

លោក ហោ លី ណា ជាតំណាងអយ្យការបានចោទប្រកាន់លើជនជាប់ចោទ៖
-ទី១ឈ្មោះ ផល គីមហុង ភេទប្រុស អាយុ ២២ឆ្នាំ
-ទី២ឈ្មោះ ចាន់ ដារ៉ាវីស្ដា ភេទប្រុស អាយុ ៣៧ឆ្នាំ
-និងទី៣ឈ្មោះ ឌឹម វល័ក្ខ ភេទស្រី អាយុ ២៧ឆ្នាំ

ពីបទផលិត ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តអំឡុង ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលម្ដុំផ្សារដីហុយ ភូមិដីថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ យោងតាមមាត្រា ៤០ នៃច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន។

នៅក្នុងសវនាការជនជាប់ចោទទាំង ៣នាក់ខាងលើ បានឆ្លើយបដិសេដ ថាពួកគេមិនបានប្រព្រឹត្ត ដូចជាការចោទប្រកាន់របស់តុលាការនោះទេ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបាន បញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌសែនសុខ បានចុះបង្ក្រាបមុខសញ្ញាផលិត និងជួញដូរគ្រឿងញៀននៅចំណុចម្ដុំផ្ទះជួល ជិតផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឃាត់ខ្លួនជនជាប់ចោទទាំង ៣នាក់ខាងលើ និងដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមព័ណ៌ សថ្លា ជាប្រភេទគ្រឿងញៀន មេតំហ្វេមីន ចំនួន ២កញ្ចប់ មានទម្ងន់ សរុប ០.៦៩៤ក្រាម
-ឆ្នាំជក់ស៊ីហ្សា ចំនួន ០១
-ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០១
-ទូរស័ព្ទដៃ ចំនួន ០២គ្រឿង
-ម៉ូតូ១គ្រឿង
-និងសម្ភារ:ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួនធំ។

ទោះជាយ៉ាងណា សំណុំរឿងនេះ ត្រូវតុលាការលើកពេលទៅប្រកាសសាលក្រមនៅរសៀលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ ខាងមុខ៕

មតិយោបល់