ព័ត៌មានជាតិ

គោយន្តដឹករោងការខ្ពស់ពេក យោកក្រឡាប់ របួសធ្ងន់ស្រាល៥នាក់!..

​បាត់ដំបង: លោកវរសេនីយ៍ទោ ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងគោយន្តកន្រ្តៃដឹករោងការក្រឡាប់ខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលប្រុសស្រី៥នាក់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០១៨ នៅ លើផ្លូវជាតិលេខ៥៧B ក្នុងភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

អ្នកបើកបរឈ្មោះ ចាន់ តារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិបឹងក្រសា ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង (របួសស្រាល) និងអ្នករួមដំណើរឈ្មោះ យាយ ស៊ន ភេទស្រី អាយុ៦៧ឆ្នាំ នៅភូមិសាលាលោកបាឡាត់ ឃុំអូម៉ាល់ ក្រុង ខេត្តបាត់ដំបង (របួសធ្ងន់) ,ឈ្មោះ យឿប តារ៉ា ភេទប្រុស អាយុ៤៦ឆ្នាំនៅភូមិសាលាលោកបាឡាត់ ឃុំអូម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (របួសធ្ងន់) ,ឈ្មោះ យឿត ពោយ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិសាលាលោកបាឡាត់ ឃុំអូម៉ាល់ ស្រុក ខេត្តបាត់ដំបង (របួសស្រាល) និងឈ្មោះ រឿយ សុភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិសាលាលោកបាឡាត់ ខេត្តបាត់ដំបង(របួសស្រាល)។
ករណីនេះ ម្ចាស់គោយន្ត និងអ្នករួមដំណើរបានសុំបញ្ចប់រឿង ដោយម្ចាស់គោយន្ត សុំជួយចេញថ្លៃព្យាបាលជំងឺលើជនរងគ្រោះទាំងអស់ ពីព្រោះជាកូនចៅធ្វើម្ហូមការទាំងអស់គ្នា។

លោកអធិការបានបញ្ជាក់ពីមូលហេតុ ដោយសារគោយន្តដឹករោងការខ្ពស់ពេក ជាហេតុធ្វើឲ្យយោកបណ្ដាលឲ្យក្រឡាប់តែម្តង៕

មតិយោបល់