ព័ត៌មានជាតិ

​អូនស្មោះបងស្ម័គ្រ ជាប់ខ្នោះទាំង២នាក់!..

ក្រចេះ: សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ការចាប់ឃាត់ខ្លួននៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង ១២និង១៥នាទី ត្រង់ចំណុចក្រោយវត្តរកាកណ្តាល ស្ថិតក្នុងភូមិរកាកណ្តាល១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។

ជនសង្ស័យមានឈ្មោះ ឆេង ទិត ហៅសី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី២ឈ្មោះ ហ៊ុល ស៊ីនេ ហៅត្រង៉ោល ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ជាមុខសញ្ញាចាស់) ជនសង្ស័យទាំង២នាក់ជាសង្សារគ្នា មានទីលំនៅ បន្ទប់ផ្ទះជួល ភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៥០នាទី នៅចំណុចផ្ទះឈ្មោះ វង្ស ហ៊ាង (ម្តាយជនសង្ស័យឈ្មោះ ហ៊ុល ស៊ីនេ និងឈ្មោះ ពេញ រតនា ហៅ រ័ត្ន) ស្ថិតក្នុងភូមិទី២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការចាប់បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជនសង្ស័យចំនួន២នាក់មានឈ្មោះ ១.ហ៊ុល ស៊ីនេ ហៅត្រង៉ោល និង២.ឈ្មោះ ពេញ រតនា ហៅរ័ត្ន រត់គេចខ្លួន ដោយបន្សល់ទុកនូវវត្ថុតាងមួយចំនួនរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន២កញ្ចប់ស្មើ០,៥៩ក្រាម, កូនសៀវភៅកំណត់ត្រាជួញដូរគ្រឿងញៀន១ក្បាល, សម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀន និងថង់ប្លាស្ទិកសម្រាប់រំលែកចែកចាយគ្រឿងញៀនមួយចំនួនធំ។

នៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង ១២និង១៥នាទី ឆ្លងតាមរយ:ការប្រើប្រាស់វិធានការជំនាញ និងទទួលបានការរាយការណ៍ពី ភ្នាក់ងារផ្តល់ព័ត៌មាន បញ្ជាក់ថាឃើញមុខសញ្ញា២នាក់សង្សារ ( ឈ្មោះ ឆេង ទិត ហៅ សី និងឈ្មោះ ហ៊ុល ស៊ីនេ ហៅត្រង៉ោល) សង្ស័យថាកំពុងតែធ្វើសកម្មភាពចែកចាយគ្រឿងញៀននៅក្រោយវត្តរកាកណ្តាល ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បានឈានទៅចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ ឆែករកឃើញ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន១កញ្ចប់តូច ដែលលាក់ក្នុងទូរស័ព្ទ១គ្រឿង ម៉ាក NOKIA ចុចពិល ពណ៌ខ្មៅ។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២ បញ្ជាក់ថាពួកខ្លួន បានយកថ្នាំញៀន១កញ្ចប់តូចនេះ ចាំលក់ឲ្យម៉ូយក្នុងតម្លៃ ៦០.០០០រៀល ពិតប្រាកដមែន។

នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ២និង៣០នាទី កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំនីតិវិធីដោយលោក សោ វុទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានឆែកឆេរបន្ទប់ផ្ទះជួលរបស់ជនសង្ស័យទាំង២ ស្ថិតក្នុងភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ រកឃើញថង់ផ្លាស្ទិចសម្រាប់រំលែកចែកចាយ និងសម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ការិយាល័យប្រឆាំងគ្រឿងញៀនកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់