ព័ត៌មានជាតិ

ចេញពីផឹកជិះម៉ូតូទៅផ្ទះវិញ ត្រូវក្រុមចោរកាប់ប្លន់យកម៉ូតូទៅបាត់…

ភ្នំពេញ: យុវជន២នាក់ចេញមកពីផឹកស៊ីនៅផ្ទះជួលមិត្តភក្តិ គោលបំណងត្រលប់ទៅបន្ទប់ជួលវិញ ត្រូវក្រុមចោរដេញកាប់ប្លន់យកម៉ូតូបាត់ បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០១៨ ទីតាំងនៅផ្លូវវត្តអង្គតាមិញ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ពៅ បេឡា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិគងជ័យ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (រងរបួសធ្ងន់) ត្រូវ៤កាំបិតបុ័ងតោ ក្បាល២កន្លែង ដៃខាងឆ្វេង និងគូទខាងឆ្វេងដែរ។ ចំណែកអ្នករួមដំណើរមានឈ្មោះ ម៉ុន ចាន់ធូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលជិតគ្នា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូជនរងគ្រោះដែលត្រូវចោរកាប់ប្លន់ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GK-1499។

តាមប្រភពព័ត៌មានពីមិត្តភក្តិជនរងគ្រោះ ដែលរួមដំណើរជាមួយគ្នាបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិម្នាក់ទៀត បានផឹកស៊ីជាមួយគ្នា ដែលត្រូវជាមិត្តនឹងគ្នាក្នុងផ្ទះជួល ភូមិកើតហេតុខាងលើ ពេលនោះជនរងគ្រោះជាម្ចាស់ម៉ូតូ និងមិត្តភក្តិម្នាក់បានចេញពីផឹកស៊ីនៅបន្ទប់ជួលមិត្តភក្តិបាននាំគ្នាចេញទៅបន្ទប់ខ្លួនវិញ លុះចេញម៉ូតូដល់ច្រកទ្វារចូលផ្ទះជួលមិត្តភក្តិ ស្រាប់តែឃើញចោរមានគ្នាប្រមាណ៥នាក់ ជិះម៉ូតូ២គ្រឿងមិនចាំម៉ាក បន្ទាប់មកចោរម្នាក់ក្នុងចំណោម៥នាក់បានយកកាំបិតបុ័ងតោមកដេញកាប់ទៅលើជនរងគ្រោះទាំង២នាក់ដែលកំពុងជិះម៉ូតូ បណ្តាលឲ្យត្រូវអ្នកបើកម៉ូតូ ហើយជនរងគ្រោះបានផ្តួលម៉ូតូចោលរត់ចូលក្នុងបរិវេណផ្ទះជួលមិត្តភក្តិវិញ ដើម្បីឲ្យគេជួយ ហើយជនរងគ្រោះត្រូវជាច្រើនកាំបិត បណ្តាលឲ្យឈាមហូរស្រោចពេញក្បាល ចំណែកមិត្តភក្កិដែលអង្គុយខាងក្រោយមិនមានរងរបួសទេ ។

ប្រភពដដែលបានបន្តទៀតថា នៅពេលត្រឡប់មករកម៉ូតូវិញ ស្រាប់តែឃើញម៉ូតូជនរងគ្រោះខាងលើត្រូវបានក្រុមជនសង្ស័យលើកជិះទៅបាត់ បន្ទាប់មកជនរងគ្រោះហូរឈាមខ្លាំងពេក ត្រូវបានបងប្អូនជនរងគ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ បន្ទាប់ពីជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុភ្លាមៗដែរ ហើយបានឲ្យមិត្តភក្ដិជនរងគ្រោះជិះជាមួយមកបំភ្លឺប្រាប់សមត្ថកិច្ច ដើម្បីធ្វើកំណត់ហេតុដើម្បីកត់សម្គាល់មុខសញ្ញាមកផ្ដន្ទាទោសតាមច្បាប់៕

មតិយោបល់