ព័ត៌មានជាតិ

រករឿង​ហើយ នៅវាយគេទៀត ចុងក្រោយខ្នោះ!..

បន្ទាយមានជ័យ: យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឈៀន ធី ​ភេទ​ប្រុស ​អាយុ​៥១ឆ្នាំ ​ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ​ស្តីពីករណី​ហឹង្សាដោយចេតនា និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដ៏ទៃ ប្រព្រឹត្តនៅវេលាម៉ោង១និង​៣០នាទីរសៀល ​ថ្ងៃទី​៩ ​ខែកុម្ភ: ​ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។
​​
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ ​មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា​​ ក្រោយទទួលបានពាក្យបណ្តឹង និងអនុលោមទៅតាមការណែនាំរបស់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សែន ជ័យ ហៅ​សុទ្ធ​ ភេទ​ប្រុស ​អាយុ ៤០ឆ្នាំ​ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន២ ​សង្កាត់ប៉ោយប៉ែត ​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីសួរនាំអំពីអង្គហេតុខាងលើ​។

​លោកវរសេនីយ៍ត្រី នួន នីណារ៉ូ ​បានបញ្ជាក់ថា ​ក្រោយធ្វើការសាកសួរ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនបានយកដុំថ្ម និងកៅអីដែក គុបចូលទៅក្នុងតូបលក់ចាប់ហួយ របស់ជនរងគ្រោះខាងលើ ហើយបានប្រតាយប្រតប់គ្នា និងមានដែកចុងស្រួច បម្រុងនឹងចាក់ជនរងគ្រោះទៀតផង​។​ ពេលទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ លោកបានកសាងសំណុះរឿង បញ្ជូនជនសង្ស័យ​និងវត្ថុតាង មកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី​ច្បាប់។

​លោកវរសេនីយ៍ឯក ម៉ែន ​ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ​ទទួលការងារយុត្តិធម៌ បានបញ្ជាក់បន្ថែមថា​ តាមការសាកសួររបស់កម្លាំងជំនាញ​ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហឹង្សា និងវាយបំផ្លាញទ្រព្យសម្បត្តិ របស់ជនរងគ្រោះ ពិតប្រាកដមែន​។ ដោយយោងលើចម្លើយសារភាពរបស់ជនសង្ស័យ និងតាមការបំភ្លឺរបស់ជនរងគ្រោះ ​និងដោយផ្អែកលើអង្គហេតុខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ​និងវត្ថុតាង ទៅតុលាការ​ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់