ព័ត៌មានជាតិ

ក្រុមចោរឆក់ឆ្លងខេត្ត! សិស្សសាលា២នាក់នៅភ្នំពេញ បែកគំនិតចេញឆក់កាបូបជនជាតិចិននៅក្រុងព្រះសីហនុ..

ព្រះសីហនុ: ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់កាបូបស្រ្តីជនជាតិចិនម្នាក់កំពុងដើរតាមផ្លូវ មិនបានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលរងរបួស រលាត់ស្មារ និងដៃខាងស្តាំ ព្រមទាំងពកក្បាល។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចមុខសណ្ឋាគារ វិមានខ្សាច់ស ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ភ្លាមនោះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងធ្ងន់សហការណ៍ជាមួយកម្លាំងមូលដ្ឋានប៉ុស្តិ៍៤ និងកម្លាំងនគរបាលប៉ុស្ត៍២ បានដេញប្រផាត់ចាប់ប្រភីង ស្ទាក់ចាប់បានជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ នួន ករណាវិសុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទី២ឈ្មោះ ឃុន ធីចាន់ដារិទ្ធ ហៅ ចាន់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
វត្ថុតាងចាប់យកបាន ម៉ូតូ១គ្រឿង ម៉ាក និច ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1GT-9845(មធ្យោបាយធ្វើសកម្មភាព)។
ចំណែកជនរងគ្រោះឈ្មោះ REN FANG ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ ទេសចរណ៍ ស្នាក់នៅសណ្ឋាគារ THE PALM PALACE RESORT ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ចំពោះជនសង្ស័យខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់