ព័ត៌មានជាតិ

ឡិចស៊ីស ស្លាកលេខ ភ្នំពេញ1AE-5120 បុករះក្រុមតន្ត្រីសម័យនាយឆ្លាម ស្លាប់២នាក់​ រួចបន្តបុកផ្ទះប្រជាពលរដ្ឋ!

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតឡើង បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ ខណ:ដែលត្រូវរថយន្តបើកបុករះ ចំយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០និង៥០នាទី ឈានចូលថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ២១ ក្នុងភូមិផ្កូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។

លោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាង បានឲ្យដឹងថា មានរថយន្តម៉ាក ឡិចសុីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AE-5120 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ( រត់គេចខ្លួន) ធ្វើដំណើរពីជើងមកត្បូង។ លុះពេលមកដល់ចំណុចកើតហេតុក៏បានបុកឈ្មោះ ចាន់ សុភា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរតន្ត្រីសម័យនាយ ឆ្លាម មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងឈ្មោះអន ស្រីអូន ភេទស្រី អាយុ១៤ឆ្នាំ តន្ត្រីសម័យ មានទីលំនៅភូមិគ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល(ស្លាប់នៅនឹងកន្លែងកើតហេតុ) ដែលកំពុងឈររើដែករោងអកកន្ដង់នៅមុខផ្ទះរបស់ឈ្មោះ ហៃ ឃាន ខាងផ្លូវជាតិលេខ២១ បន្ទាប់មករថយន្តបានបន្តរល្បឿនទៅបុកផ្ទះប្រជាពលរដ្ឋឈ្មោះ អាំង ស្រី ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល បណ្ដាលឲ្យខូចខាតផ្ទះ០ខ្នង និងសម្ភារ:មួយចំនួនធំ។ ភ្លាមៗនោះអ្នកបើករថយន្តបានរត់គេចខ្លួនបាត់តែម្ដង ។

បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាមសមត្ថកិច្ច បានចុះទៅដល់ទីកន្លែងកើតហេតុ សន្និដ្ឋានបានថា ៖ បង្កឡើង អ្នកបើកបរស្រវឹង ហើយបើកក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោង ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។

ចំពោះសាកសពទាំង២ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តបង្កបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់៕

មតិយោបល់