ព័ត៌មានជាតិ

ជនជាតិចិនទៀត! ឃើញស្ពាយកាបូបពេលឆែកមើលមានកាំភ្លើងខ្លីK៥៩ជាប់ខ្លួន

​ភ្នំពេញ: បុរសដែលជាជនជាតិចិន២នាក់ ត្រូវកម្លាំងល្បាតព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនយកទៅសាកសួរក្រោយពីសង្ស័យត្រួតពិនិត្យឃើញមានរក្សាទុកកាំភ្លើងខ្លីមួយដើមម៉ាក K59ជាប់ខ្លួន។

ការចាប់ឃាត់ខ្លួនកាលពីម៉ោង១និង២៥នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវបេតុង ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនជាតិចិនទាំង២ខាងលើ ១-មានឈ្មោះ DAI XUN អាយុ៣៧ឆ្នាំ និង២-ឈ្មោះ PU YIJIANG អាយុ៣៣ឆ្នាំ ទាំង២នាក់ស្នាក់នៅក្នុងបុរីញូថោន ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថា មុនឃាត់ខ្លួនជនទាំង២នាក់ ខណ:កម្លាំងសមត្ថកិច្ចល្បាតនៅចំណុចខាងលើស្រាប់តែឃើញជនជាតិចិនទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាអ៊ែប្លែក ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1AD-1679 ឌុបគ្នា ដោយមានស្ពាយកាបូបពាក់ចំហៀងខ្លួនផង ដោយសង្ស័យក៏ឃាត់ត្រួតពិនិត្យ ស្រាប់តែក្នុងកាបូបខាងលើឃើញមានកាំភ្លើងខ្លីមួយដើមម៉ាក K59 មានគ្រាប់ចំនួន៥គ្រាប់ ដោយឃើញដូចនេះកម្លាំងសមត្ថកិច្ចក៏ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនជាតិចិនទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួនយកមកធ្វើការសាកសួរបណ្តោះអាសន្ននៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕

មតិយោបល់