Post News Media ព័ត៌មានជាតិ ពេលយប់ឃាត់ខ្ល...

ពេលយប់ឃាត់ខ្លួនជនជាតិចិន២នាក់ ដកហូតកាំភ្លើងខ្លី១ដើម លុះព្រឹកឡើងឃាត់៩នាក់ទៀត នៅក្នុងបុរីញូវថោន

ភ្នំពេញ: ជនជាតិចិន២នាក់ប្រដាប់ដោយអាវុធខ្លី១ដើមត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន។ ខណ:កំពុងល្បាតប្រទះឃើញពួកគេកំពុងជិះគួរឲ្យសង្ស័យកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨ នៅក្នុងបុរីញូវថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លុះព្រឹកឡើងថ្ងៃដដែលកម្លាំនគរបាលខាងលើបានចុះធ្វើការឃាត់ខ្លួននៅចំណុចនៅក្នុងផ្ទះជួល ស្ថិតនៅក្នុងបុរីញូវថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ បានចំនួន៩នាក់ទៀតក្នុងនោះមានស្រី២នាក់ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនទៀតផងដែរ បន្ទាប់មកបាននាំទៅធ្វើការសាកសួរនៅផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាជនសង្ស័យ២នាក់ដែលឃាត់បានកាលពីវេលាយប់នោះទី១,ឈ្មោះDai Xun ភេទប្រុស អាយុ៣៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខEA-1926438។ទី២,ឈ្មោះPu Yijiang ភទប្រុស អាយុ៣០ឆ្នាំ គ្មានលិខិតឆ្លងដែននោះឡើយ។ពួកគេទាំង២នាក់នេះបនរដាប់ដោយកាំភ្លើងខ្លីម៉ាកកា៥៩មួយដើម និងជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឃ្លីក ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ1AD-1679។ ចំណែក៩នាក់ទៀតដែលចាប់ខ្លួនព្រឹកឡើងនៅក្នុងផ្ទះជួល ស្ថិតនៅក្នុងបុរីញូវថោននោះមិនត្រូវបានស្គាល់ឈ្មោះនៅឡើយ ហើយនគរបាលដកហូតបានម៉ូតូ លិខិតឆ្លងដែន ទូរស័ព្ទដៃ និងសម្ភារ:ផ្សេងមួយចំនួនទៀតផងដែរ។

ប្រភពដដែលបានបន្តទៀតថា ការឃាត់ខ្លួនជនជាតិចិនទាំង១១នាក់នោះផ្ដើមចេញពីការប្រើប្រាស់អាវុធគ្មានច្បាប់អនុញ្ញាតហើយក៏មានការសង្ស័យថា មានការជាប់ពាក់ព័ន្ធទៅនិងសកម្មភាពប្លន់និងបាញ់សម្លាប់មនុស្សកាលពីជិត១ឆ្នាំមុននៅក្នុងបុរីខាងលើនោះទៀតផង ប៉ុន្តែទោះជាបែបណាកំពុងស្ថិតនៅក្នុងការស្រាវជ្រាវនៅឡើយ និងស្ថិតក្នុងការសង្ស័យតែប៉ុណ្ណោះ។នៅវេលាយប់ថ្ងៃកើតហេតុ កម្លាំងនគរបាលខាងលើបានចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួនលុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានប្រទះឃើញឈ្មោះDai Xun និងឈ្មោះPu Yijiang កំពុងជិះម៉ូតូ១គ្រឿងឌុបគ្នា។

ប្រភពដដែលបានបន្តទៀតថា ពេលនោះបានឃើញជនសង្ស័យមានចាក់សាក់ដៃ ដែលមានភិនភាគដូចគ្នាទៅនិងមុខសញ្ញាចោរប្លន់ប្រដាប់អាវុធជនជាតិចិនម្នាក់ដែលកម្លាំងកំពុងតាមរកចាប់ខ្លួននោះ។ កម្លាំងនគរបាល
ក៏បានដេញតាមឃាត់ឲ្យឈប់ ហើយជននោះបានព្យាយាមដកកាំភ្លើងខ្លីម៉ាកK59ប្រុងបាញ់តដៃនគរបាល ប៉ុន្តែត្រូវកម្លាំងចាប់ដកយកកាំភ្លើងនិងចាប់ខ្លួនបានភ្លាមៗតែម្ដង។ បន្ទាប់មកបាននាំទៅសាកសួរទាំងយប់ លុះព្រឹកឡើងទើបបន្តទៅចាប់ខ្លួនបក្សពួកទាំងប្រុសទាំងស្រី៩នាក់ទៀតដល់ផ្ទះដែលពួកគេជួលស្នាក់នៅក្នុងបុរីញូវថោន ភូមិព្រៃទា សង្កាត់ចោមចៅ៣ រួចបានបាំទៅសួរនាំនៅផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំចាត់ការតាមច្បាប់៕

Loading...