ព័ត៌មានជាតិ

Update៖ ខ្ចីម៉ូតូប្អូន ជិះយកមកឲ្យវិញ បែរជាបុករថយន្តស្លាប់ម្នាក់ របួសធ្ងន់ម្នាក់..

ភ្នំពេញ: យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណ:ដែលជិះម៉ូតូលឿនពេក ជ្រុលបុករថយន្តកូរ៉េឃ្លប់របស់រោងចក្រ ដែលចតស្ងៀម ចំពីក្រោយពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨ នៅក្នុងសួនឧស្សានកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ ចាន់ ណេ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលជិតមន្ទីរពេទ្យឯករាជ្យ២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិតានូ ឃុំ ចំបក់ ស្រុកស្វ្រាយជ្រុំ ខេត្តស្វាយរៀង។ ចំណែកអ្នករបួសឈ្មោះ តូច ហន ភេទប្រុស អាយុ២៤ឆ្នាំ ត្រូវជាបងថ្លៃសព មានស្រុកណើតនៅជាមួយគ្នា។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េឃ្លប់ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A 0915 ចតស្ងៀមនៅខាងក្នុងទីលានសួនឧស្សាន៍កាណាឌីយ៉ា ទិសដៅពីត្បូងទៅជើង លុះមកដល់វេលាកើតហេតុស្រាប់តែមានយុវជន២នាក់ជិះម៉ូតូម៉ាកZoomer-X ពណ៌លឿង លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GI-8683 ធ្វើដំណើរក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដោយមិនបានប្រយ័ត្ន ក៏ជ្រុលបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់។

បើតាមកាបញ្ជាក់ពីប្អូនស្រីបង្កើតរបស់សពបានឲ្យដឹងថា ជនរងគ្រោះមានប្រពន្ធទើបនឹងឆ្លងទន្លេបានជិតមួយខួប ហើយមុនពេលកើតហេតុកាលពីព្រឹកថ្ងៃដដែលជនរងគ្រោះបានមកខ្ចីម៉ូតូរបស់គាត់យកទៅជិះរហូតមកដល់វេលាកើតហេតុជនរងគ្រោះនិងបងថ្លៃបានជិះម៉ូតូយកមកឲ្យរូបគាត់តែមិនទាន់ដល់ផងក៏ជួបគ្រោះថ្នាក់ស្លាប់តែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕

មតិយោបល់