ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងពន្លះគ្នា លាន់ដូចរន្ទះ ស្លាប់ពីរនាក់ភ្លាមៗនៅនឹងកន្លែង

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូពីរគ្រឿងបុកគ្នា បណ្ដាឲ្យបុរស២ នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង ដែលហេតុករណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង២២ និង១១នាទី នាថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧៦-៧៧ ស្ថិតក្នុងភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ។

ជនរងគ្រោះឈ្មោះ យី ចេក ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិរលួស ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ (ស្លាប់នៅនឹងកន្លែង) ជិះម៉ូតូម៉ាក ហុងដាដ្រីម ស៊េរី២០១៥ គ្មានស្លាកលេខ លុះដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកស្កុបពី ពណ៌ស លាយផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1CQ-1350 បើកបរដោយឈ្មោះ សយ វណ្ណ: ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ (ស្លាប់ភ្លាមៗនៅនឹងកន្លែង)។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែង និងធ្វើការវាស់វែង ដោយដកហូតវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ចំណែកសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់