ព័ត៌មានជាតិ

បញ្ជូនចោរគាស់ផ្ទះលួចម៉ូតូ២គ្រឿង ទៅតុលាការ!

ភ្នំពេញ: នៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរគាស់ផ្ទះម្នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ចោរគាស់ផ្ទះ រូបនេះ មាន ឈ្មោះ មាស ដាលី ភេទប្រុស អាយុ ១៧ឆ្នាំ បានធ្វើសកម្មភាពលួចគាស់ផ្ទះ និងលួចម៉ូតូចំនួន២គ្រឿង មាន១គ្រឿង ម៉ាក CBR ពណ៌ស ស្លាកលេខ ភ្នំពេញ 1BV-5552 និង១គ្រឿងទៀត ម៉ាក ហុងដា ស្គុបពី ពណ៌លឿង ស្លាកលេខ ភ្នំពេញ 1CS-8647 ជារបស់ជនរងគ្រោះឈ្មោះ ជុំ សម្បត្តិ ភេទប្រុស អាយុ ៣១ឆ្នាំ កាលពីថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ១៦៨ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយជនរងគ្រោះបានចាក់សោរបងផ្ទះ និងចាក់សោក ម៉ូតូ យ៉ាងត្រឹមត្រូវ ហើយជនរងគ្រោះបានចូលក្នុងបន្ទប់សម្រាក ដូចធម្មតា។ លុះព្រឹកឡើង ជនរងគ្រោះបានឃើញរបងផ្ទះរបស់ខ្លួនចំហ ហើយបានដើរទៅមើលម៉ូតូខ្លួន ពុំឃើញទាំង ២គ្រឿង បន្ទាប់មកជនរងគ្រោះ ជាមួយបងប្អូនបានដើរស្វែងរកម៉ូតូរបស់ខ្លួន លុះពេលដល់ចំណុចស្ថានីយ៍ប្រេងឥន្ធន:មួយកន្លែងក្បែររង្វង់មូលទួលគោក ស្រាប់តែឃើញម៉ូតូរបស់ខ្លួនម៉ាក CBR(តែត្រូវជនសង្ស័យដោះស្លាកលេខចេញ) ភ្លាមនោះ ជនរងគ្រោះបានទៅប្តឹងសមត្ថអាវុធហត្ថខណ្ឌទួលគោក ក្រោយពីទទួលពាក្យបណ្តឹងភ្លាម កម្លាំងអាវុធហត្ថបានចុះមកដល់កន្លែងកើតហេតុ ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យ ខាងលើ តែម្តង។

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា ករណីខាងលើ ខ្លួនបានធ្វើសកម្មភាព ជាមួយបក្សពួកខ្លួនឈ្មោះ ធី (រត់គេចខ្លួន) ហើយរូបគេទាំង២នាក់ ទើបតែស្គាល់គ្នាបាន ១ខែប៉ុណ្ណោះ។ រហូតដល់ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១៨:០០នាទី រូបខ្លួន និងឈ្មោះ ធី បានជួបគ្នានៅម្តុំផ្សារស៊ិនជូរីផ្លាហ្សា ខណ្ឌពោធិ៍សែនជ័យ បន្ទាប់មករូបគេទាំង ២នាក់ បានជិះម៉ូតូឌុប ទៅវត្តសំរោងអណ្តែត ពេលទៅដល់ឈ្មោះ ធី បានចូលទៅក្នុងផ្ទះជនរងគ្រោះខាងលើ ដោយរូបខ្លូន ជាអ្នកចាំមើលផ្លូវ នៅខាងក្រៅ រហូតដល់វេលារំលងអធ្រាតស្រាប់តែឈ្មោះ ធី បានបណ្តើរម៉ូតូ ១គ្រឿង ម៉ាក CBR គ្មានស្លាកលេខ មកឲ្យរូបខ្លួនជិះ បន្ទាប់មកឈ្មោះ ធី បានដើរចូលក្នុងផ្ទះនោះ ម្តងទៀត និងបានលួចយកម៉ូតូ ១គ្រឿងទៀត ម៉ាក ស្គុបពី ពណ៌លឿង ដោយឈ្មោះ ធី អ្នកជិះ បន្ទាប់មករូបគេទាំង២នាក់ បានជិះម៉ូតូបែកផ្លូវគ្នារៀងៗខ្លួន។
ក្រោយពីបែកផ្លូវគ្នា ខ្លួនបានជិះម៉ូតូម៉ាក CBR នោះ ដើរលេង រហូតដល់វេលាម៉ោង១៥:០០នាទី ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០១៨ ម៉ូតូក៏អស់សាំង ខ្លួនក៏បានចូលទៅចាក់សាំងនៅស្ថានីយ៍ប្រេងឥន្ធន:មួយកន្លែងក្បែររង្វង់មូលទួលគោក បន្ទាប់មកខ្លួនបានដើរចូលក្នុងបន្ទប់ទឹក លុះពេលចេញពីបន្ទប់ទឹកមកវិញ ស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថមកឃាត់រូបខ្លួនតែម្តង។ រូបគេបានប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងទៀតថា រូបខ្លួនធ្លាប់ប្រើបា្រស់គ្រឿងញៀន ប្រភេទម៉ាទឹកកក រយ:ពេល១ខែ កន្លងមកហើយ ដោយឈ្មោះ ធី ជាអ្នកទិញយកមកប្រើប្រាស់ជាមួយគ្នា៕

មតិយោបល់