ព័ត៌មានជាតិ

លឿនខ្លាំង! យុវជនម្នាក់ ជិះម៉ូតូទៅបុករបាំងថ្មចែកទ្រូងផ្លូវ ស្លាប់យ៉ាងរន្ធត់!

ភ្នំពេញ: យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកក៏បានស្លាប់តែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចមុខវត្តចាក់អង្រែក្រោម តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1V-5882 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកនឹងក្បាលនាគចែកទ្រូងផ្លូវ បណ្តាលឲ្យបោកក្បាលខ្ទប់នឹងទ្រូងផ្លូវរងរបួសធ្ងន់ធ្ងរ។ ចំណែកម៉ូតូខ្ទាតចម្ងាយជាង៤០ម៉ែត្រ។ ភ្លាមនោះរថយន្តសង្គ្រោះបានមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យ តែដោយសារតែស្ថានភាពធ្ងន់ធ្ងរពេក ជនរងគ្រោះក៏ស្លាប់ពេលកំពុងសង្គ្រោះ។

ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកមកទីតាំងកើតហេតុវិញដើម្បីសមត្ថកិច្ចធ្វើកោសល្យវិច័យ រួចយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំបងប្អូនយកឯកសារមកទទួលវិញ៕

មតិយោបល់