ព័ត៌មានជាតិ

ហាយឡែនឌ័រ បុកម៉ូតូ បាក់ជើង២នាក់ រត់បាត់សល់តែកាងខាងមុខ!

ភ្នំពេញ: បុរស២នាក់បានរងរបួសបាក់ជើងឆ្វេង ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណ:ដែលជិះម៉ូតូឌុបគ្នា ហើយត្រូវរថយន្តហាយឡែនឌ័រមួយគ្រឿង បើកបុកចំពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៤៨០ កែងផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរស២នាក់ជិះម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FZ- 4927 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៨០ ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួននោះ ក៏មានរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2AO- 0707 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៦៣ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនក៏ជ្រុលបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទាតជាង៣០ម៉ែត្រ ចំណែកអ្នកជិះរងរបួសបាក់ជើងឆ្វេងទាំង២នាក់តែម្តង ហើយភ្លាមនោះរថយន្តបង្កមិនព្រមឈប់នោះទេ បានបើករត់គេចខ្លួនបាត់ ដោយបន្សល់ទុកកាងខាងមុខនៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចបានចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន រង់ចាំស្រាវជ្រាវរករថយន្តតាមរយ:ស្លាកលេខមកដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់