ព័ត៌មានជាតិ

បើកម៉ូតូឆ្លងផ្លូវ ត្រូវរថភ្លើងបុកស្លាប់ម្នាក់ របួសម្នាក់ នៅស្រុកកណ្ដាលស្ទឹង!

កណ្ដាល: បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងនិងម៉ូតូ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង១៥នាទីត្រូវនឹងថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨ នៅផ្លូវរថភ្លើងចំណុចភូមិដើមឬស ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្ត​កណ្តា​​ល។

តាមសមត្ថកិច្ចបានប្រាប់ថា រថភ្លើងធ្វើដំណើរទិសដៅកំពត-មកភ្នំពេញ មកដល់ចំណុចកើតហេតុបានបុកម៉ូតូ១គ្រឿងម៉ាក Wave s ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1K-2122។

បើតាមសមត្ថកិច្ចនគរបាលប៉ុស្ថិ៍បានឲ្យដឹងថា អ្នកបើកបរម៉ូតូមានឈ្មោះ ថៃ ហុកឡេង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិកររស់នៅភូមិសាម៉រ ឃុំដើមឬស ស្រុកកណ្តាលស្ទឹង (រងរបួសធ្ងន់) អ្នករួមដំណើរឈ្មោះ យ៉ែម ពន្លក ភេទប្រុស អាយុ​៣៧ ឆ្នាំមុខរបរកសិកររស់នៅភូមិ-ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ)។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។ ឯជនរងគ្រោះម្នាក់ទៀតបានបញ្ជូនទៅមន្ទីរពេទ្យ​ វត្ថុតាងម៉ូតូគ្រួសារយកទៅរក្សាទុកដោយខ្លួនឯងនៅផ្ទះ៕

មតិយោបល់