ព័ត៌មានជាតិ

ឃុំខ្លួន ប្រធានការិយាល័យលទ្ធកម្មនៃសាលាស្រុកវាលវែង រឿងក្លែងលិខិត

ភ្នំពេញ: យោងតាមការបញ្ជាក់ តាមទូរស័ព្ទរបស់លោក ហេង ដូនីន អ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨នេះថា លោក ម៉ៅ សីណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន លោក ប្រាក់ រតនា
ជាប្រធានការិយាល័យលទ្ធកម្ម នៃសាលាស្រុកវាលវែង នៅពន្ធនាគារជាបណ្តោះអាសន្នហើយ កាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨កន្លងទៅ។

លោកព្រះរាជអាជ្ញារង ឆាយ ហុង អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានបញ្ជាក់តាម Telegram ថា លោក លី ភារ៉ា ជាតំណាងអយ្យការ បានចោទប្រកាន់លើ ឈ្ម ប្រាក់ រតនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ជាប្រធានការិយាល័យលទ្ធកម្ម នៃសាលាស្រុកវាលវែង រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ ពីបទ ក្លែងបន្លំឯកសារសាធារណ: ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ឆ្នាំ២០១១ មកដល់ឆ្នាំ២០១៧ នៅខេត្តពោធិ៍សាត់ យោងតាមមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ។

គួររំឭកថា សមត្ថកិច្ចនៃ អធិការនគរបាលស្រុកវាលវែង បានឃាត់ខ្លួន ជនត្រូវចោទ ខាងលើកាលពីល្ងាចថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ កន្លងទៅ
ពាក់ព័ន្ធនឹងករណីក្លែងបន្លំឯកសារសាធារណ: និងប្រើប្រាស់ត្រាក្លែងក្លាយ លើពាក្យសុំកាន់កាប់ដីធ្លី រួមទាំង បង្កាន់ដៃទទួលពាក្យ របស់ភូមិបាលស្រុកវាលវែង ដែលបានប្រពឹត្ត នៅអំឡុងឆ្នាំ២០១១ មកដល់ឆ្នាំ២០១៧ និងថែមទាំងបានយកថ្លៃកម្រៃសេវា លើការធ្វើឯកសារទាំងនោះផងដែរ៕

មតិយោបល់