ព័ត៌មានជាតិ

ផ្តន្ទាទោស នគរបាលជំនាញបាញ់ ដាក់គុក មួយឆ្នាំ តែព្យួរទាំងអស់ រឿងបាញ់ពលរដ្ឋស្លាប់នៅពោធិ៍សែនជ័យ

ភ្នំពេញ: ក្រោយពីបើកសវនាការកាត់ទោស លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨នេះបាន ប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ចន វិរ: មានឋានន្តរស័ក្តិ ជាអនុសេនីយ៍ត្រី (ស័ក្តិ១) ផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដាក់ពន្ធនាគារកំណត់រយ:ពេល ១ឆ្នាំ តែត្រូវអនុវត្តទោស ព្យួរទាំងអស់ ពីបទ មនុស្សឃាតដោយអចេតនា លើជនរងគ្រោះឈ្មោះ សៀក រ៉ន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅក្បែរផ្សារកាណាស៊ីធី មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ប្រព្រឹត្តនៅចំណុចក្រោយផ្សារកាណាស៊ីធី ដីឡូត៌គ្មានលេខ ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ តាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការ ជនជាប់ចោទបានថ្លែងទទួលស្គាល់កំហុសរបស់ខ្លួន និងព្រមទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួនទាំងអស់។

ចំណែកលោកស្រី ណុប សុផានី ជាប្រពន្ធជនរងគ្រោះ បានអះអាងថា លោកស្រីបានទទួលសំណងពីជនជាប់ចោទ ចំនួន ៨០០០ដុល្លារ និងប្រាក់ចូលបុណ្យសពប្តីលោកស្រីមួយចំនួនទៀត ដូច្នេះលោកស្រី មិនប្តឹងទាមទារអ្វីពីជនជាប់ចោទទៀតទេ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨កន្លងទៅ លោក តុប ឈុនហេង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបាន ចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជនជាប់ចោទជាបណ្តោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ ពោលគឺបានរយ:ពេល ២០ថ្ងៃ រហូតដល់ថ្ងៃបើកសវនាការកាត់ទោស និងសម្រេចដោះលែងនេះ។

គួរកត់សម្គាល់ថា ការចាប់ខ្លួនជនជាប់ចោទខាងលើនេះ បានធ្វើឡើងបាន ទាល់តែមានបញ្ជាផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ កុំអីចាប់អត់បានទៀត។

គួររំឭកថា កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨កន្លងទៅ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការបង្ក្រាបបនល្បែង ជល់មាន់ បៀ និងអាប៉ោង ដ៏ធំដុះស្លែប្រចាំខណ្ឌ នៅចំណុចដីឡូតិ៍គ្មានលេខ ខាងក្រោយផ្សារកាណាស៊ីធី ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

នៅក្នុងប្រតិបត្តិការ ដេញចាប់អ្នកលេងល្បែងនោះ កម្លាំងសមត្ថកិច្ច ប្រើហេតុផលថា ខ្លាចអ្នកជល់មាន់ មានអាវុធ ទើបបាញ់មេឃគំរាម មនុស្សខូច តែមិនចំមេឃ បែរជាចំពលរដ្ឋស្លូតត្រង់បណ្តាលស្លាប់នៅនឹងកន្លែងទៅវិញ៕

មតិយោបល់