ព័ត៌មានជាតិ

ស្នេហារបស់មុខសញ្ញាគ្រឿងញៀន កើតភ្លើងប្រច័ណ្ឌ វាយនាងខ្ទេចមុខ!

កណ្តាល: លោកមេប៉ុស្តិ៍ស៊ីធរ បានប្រាប់ Post News ថា មានករណីឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់យកទៅសាកសួរ ពាក់ពន្ធ័ករណីប្រើហិង្សាទៅលើកំណាន់ចិត្ត បណ្តាលឲ្យរបួស រួចបែកធ្លាយដល់រឿងចែកចាយគ្រឿងញៀនបន្ថែមទៀត។

ករណីនេះកើតឡើងកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨ ក្នុងភូមិ​ព្រៃ​បាំង ​ឃុំ​ស៊ីធរ ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ សឺ​ម សើ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រៃ​បាំង ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល​។ ចំណែកនារីរងគ្រោះជាកំណាន់ចិត្តជនសង្ស័យ មានអាយុ៣៣ឆ្នាំ ។ ​

សមត្ថកិច្ចបានបញ្ជាក់ថា ករណីហិង្សាខាងលើនេះ បណ្តាលមកពីភ្លើងប្រច័ណ្ឌ ហើយខណ:ដែលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនោះ ស្រាប់តែមានបក្ខជនសង្ស័យផ្សេងទៀត ទូរសព្ទមកទិញគ្រឿងញៀនពីជនសង្ស័យខាងលើផងដែរ ។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់