ព័ត៌មានជាតិ

ផ្តន្ទាទោស មេខ្លោងផលិតគ្រឿងញៀនប្រុសស្រី ៣នាក់ ដាក់គុក ម្នាក់២ឆ្នាំ ក្រោយមានដំណឹងថា មានអ្នកធំជួយកាង

ភ្នំពេញ: ដូចអ្វីដែលបានគ្រោងទុក នៅរសៀលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨នេះ លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ដោយមានលោក ហោ លី ណា ជាតំណាងអយ្យការ បានបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទ៖
-ទី១ឈ្មោះ ផល គីមហុង ភេទប្រុស អាយុ ២២ឆ្នាំ
-ទី២ឈ្មោះ ចាន់ ដារ៉ាវីស្ដា ភេទប្រុស អាយុ ៣៧ឆ្នាំ
-និងទី៣ឈ្មោះ ឌឹម វល័ក្ខ ភេទស្រី អាយុ ២៧ឆ្នាំ
ដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់រយ:ពេល២ឆ្នាំ ដោយគ្មានពិន័យ ពីបទផលិត ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តអំឡុង ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលម្ដុំផ្សារដីហុយ ភូមិដីថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ យោងតាម មាត្រា ៣៩ និងមាត្រា ៤០ នៃច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន។

យោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿង មានមន្ត្រីថ្នាក់ឧត្តមសេនីយ៍ ជួយអន្តរាគមន៍ ទៅលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ឲ្យលើកលែងបទចោទ ប្រកាន់លើជនជាប់ចោទ និងឲ្យតុលាការ ដោះលែងជនជាប់ចោទ ថែមទៀតផង ប៉ុន្តែទោះជាយ៉ាងណា តុលាការមិនព្រមតាមការអន្តរាគមន៍នោះទេ និងបានសម្រេចផ្តន្ទាទោស ត្រឹមកម្រិតទាបបំផុត។

នៅក្នុងសវនាការ កាលពីរសៀលថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៨ កន្លងទៅ ជនជាប់ចោទទាំង ៣នាក់ខាងលើ បានឆ្លើយថាពួកគេមិនបានប្រព្រឹត្ត ដូចជាការចោទប្រកាន់របស់តុលាការនោះទេ ក្នុងន័យដោះបន្ទុក និងមានឱកាសបានស្ថានសម្រាលទោស ឬការលើកលែងទោសដល់ពួកគេ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបាន បញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌសែនសុខ បានចុះបង្ក្រាបមុខសញ្ញាផលិត និងជួញដូរគ្រឿងញៀន ទាំង៣នាក់ខាងលើ នៅចំណុចម្ដុំផ្ទះជួល ជិតផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឃាត់ខ្លួនជនជាប់ចោទទាំង ៣នាក់ខាងលើ និងដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌ សថ្លា ជាប្រភេទគ្រឿងញៀន មេតំហ្វេមីន ចំនួន ២កញ្ចប់ មានទម្ងន់សរុប ចំនួន ៨០,៨២ក្រាម
-គ្រឿងញៀនប្រភេទថ្នាំគ្រាប់ ២ប្រភេទ មានទម្ងន់ សរុប ៨៣,០៥ក្រាម
-គ្រឿងញៀនប្រភេទ ម្ស៉ៅក្រាម ទម្ងន់សរុប ចំនួន ៤៤៥,១៥ក្រាម
-ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០១
-ឆ្នាំជក់ស៊ីហ្សា ចំនួន ០៣
-ទូរសព្ទដៃ ចំនួន ០២គ្រឿង
-ម៉ូតូ១គ្រឿង
-និងសម្ភារ:ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួនធំ៕

មតិយោបល់