ព័ត៌មានជាតិ

ចាប់បានហើយ! ឃាតកដែលសម្លាប់ស្ត្រីម្នាក់យ៉ាងសាហាវព្រៃផ្សៃក្នុងព្រៃត្រែងបន្លាយួន គឺជាប្តីរបស់ស្ត្រីរងគ្រោះ!

កំពង់ឆ្នាំង: លោកអធិការស្រុកជលគិរី បានប្រាប់ Post Newsថា ជនសង្ស័យជាឃាតក ដែលសម្លាប់ស្ត្រីម្នាក់ នៅក្នុងព្រៃត្រែងបន្លាយួន ចាប់បានហើយ គឺជាប្តីរបស់ជនរងគ្រោះ។

លោកអធិការបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងកាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ ។ ចំណែកមូលហេតុនៃការសម្លាប់ប្រពន្ធ គឺបណ្តាលមកពីជនសង្ស័យខឹងនឹងឪពុកក្មេក។

គួរបញ្ជាក់ថា ៖ មានករណីឃាតកម្មមួយបានកើតឡើង ដោយមានការប្រទះឃើញសពស្ត្រីម្នាក់ បានស្លាប់ដោយមានឈាមប្រឡាក់ពេញមុខនៅក្នុងព្រៃត្រែងបន្លាយួន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចក្នុងព្រៃត្រែងបន្លាយួន ក្នុងដីរបស់ឈ្មោះ ហុន ហេ ស្ថិតក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានបញ្ជាក់ថា​ សពជនរងគ្រោះមានឈ្មោះ ហ៊ន ណាវី ភេទស្រី អាយុ២១ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ រស់នៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានបាត់ពីផ្ទះដោយមិនដឹងមូលហេតុ ឃើញតែទារក អាយុ៦ខែយំលើផ្ទះ ។ បន្ទាប់មកឪពុកជនរងគ្រោះបាននាំសាច់ញាតិក្នុងភូមិ ដើររក រហូតដល់ម៉ោង៧យប់ ទើបឃើញសពជនរងគ្រោះដេកស្លាប់ក្នុងព្រៃត្រែងបន្លាយួន ចម្ងាយពីផ្លូវប្រមាណ២៥ម៉ែត្រ។

ហើយបើតាមការពិនិត្យទៅលើសព គឺសភាពសព ត្រូវបានសម្រាតខោមកត្រឹមភ្លៅ និងនៅលើ.ក មានស្លាកស្នាមមុតជិត ដាច់បំពង់ក ថែមទាំងបាត់គ្រឿងអលង្កា(មាស)ជាប់នឹងខ្លួនមួយចំនួនទៀតផងដែរ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវបន្ត៕

មតិយោបល់