ព័ត៌មានជាតិ

លោកព្រះរាជអាជ្ញារង រៀល សុភិន កែប្រែបទចោទលើជនសង្ស័យពីរក្សាទុកគ្រឿងញៀន ទៅជាប្រើប្រាស់ធម្មតា នគរបាលថា ជារឿងហួសចិត្ត

ភ្នំពេញ: ក្រុមសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមន បានសម្តែងការហួសចិត្ត និងខកចិត្តយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចរបស់លោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានកែប្រែបទចោទប្រកាន់ លើជនជាប់ចោទជនជាតិវៀតណាមម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន យ៉ាងសកម្មក្នុងទឹកដីខណ្ឌចម្ការមន ត្រូវបានសមត្ថកិច្ចខិតខំបង្ក្រាបយ៉ាងលំបាក និងដកហូតបានវត្ថុតាងជាគ្រឿងញៀនថែមទៀតផង បែរជាលោកតំណាងអយ្យការរូបនេះ ចោទប្រកាន់ពីបទ ប្រើប្រាស់គ្រឿងញៀន និងចេញដីកាបង្គាប់ឱ្យបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន ជំនួសឱ្យការដាក់ពន្ធនាគារ។

សមត្ថកិច្ចបានបន្ថែមថា ជនសង្ស័យដែលលោក រៀល សុភិន ជាតំណាងអយ្យការបានកែប្រែបទចោទប្រកាន់នោះ មានឈ្មោះ ថាច់ វ៉ាងដាត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ ១៩CE0 ផ្លូវ៣៤៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

នៅពេលឃាត់ខ្លួនសមត្ថកិច្ចបាន ដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន ០១កញ្ចប់ ទម្ងន់ ២,៥៤ក្រាម។

សមត្ថកិច្ចបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេបានទិញគ្រឿងញៀននៅម្តុំផ្លូវ៦០ម៉ែត្រ ចំនួន ១០កញ្ចប់ យកទៅលក់បន្តឱ្យម៉ូយ។

នៅពេលយកទៅលក់ឱ្យម៉ូយអស់ ០៩ កញ្ចប់ ខ្លួនបានទុក០១កញ្ចប់ប្រើប្រាស់ ខ្លួនឯង លុះជិះម៉ូតូដល់ចំណុច ផ្ទះលេខ ១៩CE0 ផ្លូវ៣៤៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ក៏ត្រូវសមត្ថកិច្ច ឆែកឃើញគ្រឿងញៀន និងឃាត់ខ្លួន បញ្ជូនទៅអធិការនគរបាលខណ្ឌចម្ការមន។

សមត្ថកិច្ចបានអះអាងថា ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ ថាច់ វ៉ាងដាត មានបងប្អូនទៅសុំរត់ការដោះលែង នៅអធិការនគរបាលខណ្ឌ ប៉ុន្តែដោយគោរពតាមច្បាប់ និងបទបញ្ជារបស់សម្តេច តេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី ក្នុងយុទ្ធនាការប្រឆាំងបទល្មើសគ្រឿងញៀន សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្សុយ័យ រូបនេះ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធ បទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប៉ុន្តែទត្រូវ លោក រៀល សុភិន ជាតំណាងអយ្យការសម្រេចកែប្រែបទចោទ ទៅជាប្រើប្រាស់គ្រឿងញៀន ហើយសម្រេចបញ្ជូនជនសង្ស័យទៅមណ្ឌលបន្សាបគ្រឿងញៀនវិញ។

ពាក់ព័ន្ធករណីនេះ លោក ហៀង ថារ៉េត អធិការងទទួលបន្ទុកបង្ក្រាបបទល្មើសគ្រឿងញៀនបាន ឱ្យដឹងតាមទូរស័ព្ទថា សមត្ថកិច្ចរបស់លោកពិតជាបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យឈ្មោះ ថាច់ វ៉ាងដាត ទៅតុលាការពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន ប៉ុន្តែពេលទៅដល់តុលាការ គេសម្រេចយ៉ាងណា គឺជាឆន្ទានុសិទ្ធិរបស់តុលាការ។

ពាក់ព័ន្ធមូលហេតុដែលលោកព្រះរាជអាជ្ញារង រៀល សុភិន សម្រេចកែប្រែបទចោទ លើជនសង្ស័យខាងលើនេះ យើងនៅមិនទាន់អាចសុំការបញ្ជាក់ពីមូលហេតុ ពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាននៅឡើយទេ ដោយសារលោកមិនបានឆ្លើយតបនឹងការសួរតាម គ្រុប Telegram ដែលបានផ្ញើជូននោះទេ៕

មតិយោបល់