Post News Media ព័ត៌មានជាតិ តុលាការកាត់ទោ...

តុលាការកាត់ទោស បុរសចិន និងប្រពន្ធខ្មែរ រឿងរៀបនាំស្ត្រីខ្មែរទៅការប្តីចិន

ភ្នំពេញ: លោក អ៊ី ថាវរ: ប្រធានក្រុមប្រឹក្សាចៅក្រមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ម្សិលមិញ បានបើកសវនាការ កាត់ទោសបុរសជនជាតិចិន និងប្រពន្ធខ្មែរ ពាក់ព័ន្ធសំណុំរឿង នាំនារីខ្មែរទៅរៀបការប្តីនៅប្រទេសចិន។

លោក សេង ហៀង ជាតំណាងអយ្យការសវនាការ បានចោទប្រកាន់លើឈ្មោះ ម៉ា ចាវហ្វូ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន និងឈ្មោះ ស៊ុ គន្ធា ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ពីបទនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៦ នៅខេត្តកណ្តាល និងរាជធានីភ្នំពេញ យោងតាមមាត្រា ១១ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលអាចប្រឈមការជាប់ពន្ធនាគារពី៧ឆ្នាំ ទៅ១៥ឆ្នាំ។

នៅក្នុងសវនាការជនជាប់ចោទ បានបដិសេធការចោទប្រកាន់របស់តុលាការ ដោយអះអាងថា ពួកគេមានបំណងជួយឱ្យជនរងគ្រោះ បានប្តីនៅស្រុកចិន ក្រែងបានជីវភាពធូរធាជាងមុនតែប៉ុណ្ណោះ។

ចំណែកជនរងគ្រោះ ២នាក់ ទី១ឈ្មោះ ព.ស.ត និងទី២ឈ្មោះ ហ.ច.ប បានបញ្ជាក់ថា ជនជាប់ចោទ ទាំង២នាក់ និងបក្ខពួក២នាក់ទៀត ដែលកំពុងរត់គេចខ្លួន បានលួងលោមពួកនាង ឱ្យទៅរៀបការប្តីនៅស្រុកចិនទៅ បានលុយចាយច្រើន រស់ស្រួល និងអាចបានលុយផ្ញើឱ្យម្តាយឪពុកនៅស្រុក ថែមទៀតផង។

ក្រៅពីនេះក្រុមជនជាប់ចោទ បានប្រាប់ថា ប្តីចិន ឱ្យថ្លៃទឹកដោះដំបូង ចំនួន ២០០០ដុល្លារទៅឪពុកម្តាយរបស់ពួកនាង។

ក្រោយពីពួកនាង ព្រមទៅរៀបការប្តី នៅប្រទេសចិន ក្រុមជនជាប់ចោទ បានរត់ការធ្វើឯកសារឆ្លងដែន និងនាំពួកនាង ឆ្លងទៅប្រទេសចិន តាមប្រទេសវៀតណាម។

នៅពេលទៅដល់ប្រទេសចិន ក្រុមជនជាប់ចោទ បានឱ្យពួកនាង ទៅរៀបការប្តី ចិន។ ក្រោយពីការរួចរស់នៅបានមួយរយ: ប្តីចិន បានវាយធ្វើបាបពួកនាង និងបង្ខាំងពួកនាងទុកតែក្នុងផ្ទះ និងបម្រុងលក់បន្តឱ្យទៅផ្ទះបនស្រី ទើបពួកនាង លួចរត់ឱ្យសមត្ថកិច្ចជូនទៅរកស្ថានទូតខ្មែរ ប្រចាំប្រទេសចិនដើម្បីជួយង្គ្រោះ បានត្រលប់មកប្រទេសកម្ពុជាវិញ។

ជនរងគ្រោះទាំង២នាក់បានប្តឹងទាមទារសំណង ពីជនជាប់ចោទ ក្នុងម្នាក់ៗ ចំនួន ២ម៉ឺនដុល្លារ។

ទោះជាយ៉ាងណា សំណុំរឿងនេះត្រូវតុលាការលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ខាងមុខវិញ៕

Loading...