ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនខ្លួនបុរសចិន ២នាក់ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់

ភ្នំពេញ: សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៨ នេះបានបញ្ជូនខ្លួនបុរសជនជាតិចិន២នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា បុរសជនជាតិចិន ២នាក់ ទី១ឈ្មោះ Dai Xun ភេទប្រុសអាយុ ៣៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខEA-1926438 និងទី២ឈ្មោះPu Yijiang ភេទប្រុស អាយុ ៣០ឆ្នាំគ្មានលិខិតឆ្លងដែន។

សមត្ថកិច្ចបន្ថែមថា ជនសង្ស័យ ទាំង ២នាក់ ត្រូវបាន ឃាត់ខ្លួន កាលពីយប់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចក្នុងបុរីញូវថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅពេលឃាត់ខ្លួន សមត្ថកិច្ច ដកហូតបានកាំភ្លើងខ្លីម៉ាក K៥៩ ចំនួន ០១ដើម និងម៉ូតូម៉ាកហុងដាឃ្លីកពណ៍ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ1AD-1679 ចំនួន១គ្រឿង។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យ ទាំង ២នាក់ខាងលើ កម្លាំនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះទៅឆែកឆេរ ទីតាំងផ្ទះជួល ស្ថិតនៅក្នុងបុរីញូវថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនជាតិចិនប្រុសស្រី ចំនួន៩នាក់ទៀតដែលពាក់ព័ន្ធករណី ជួញដូរមនុស្ស និងរស់នៅដោយមិនស្របច្បាប់ក្នុងប្រទេសកម្ពុជា។

លោក ឡេង វាសនា ប្រធានផ្នែកព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងតាមទូរស័ព្ទថា សមត្ថកិច្ចលោកបាន កសាងសំណុំរឿង បញ្ជូនទៅតុលាការ តែជនជាតិចិន២នាក់ខាងលើតែប៉ុណ្ណោះ ចំណែកជនសង្ស័យ ៧នាក់ផ្សេងទៀត ដែលឃាត់ខ្លួនពេលក្រោយនោះ ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ ជាអ្នកទទួលចាត់ការ៕

មតិយោបល់